(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ជ្រុលដៃទះចំក្បាលសន្តិសុខមួយរូប នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ, លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រាបានអះអាង ប្រាប់ឲ្យដឹងថា លោកសន្យាថានឹងជួយដោះស្រាយបញ្ហាទាំងអស់ជាមួយជនរងគ្រោះ។
លោកចៅសង្កាត់បានឲ្យដឹងថា ជាក់ស្តែងភ្លាមៗបន្ទាប់ពីជ្រុលដៃទះកំផ្លៀង សន្តិសុខរូបនោះហើយ, លោកចៅសង្កាត់ បានព្យាយាមយកទុកដាក់តាមដានពិនិត្យស្ថានភាព ជនរងគ្រោះ ទាំងនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ និងបន្តដល់មន្ទីរពេទ្យរុស្ស៊ី ព្រមទាំងបានជួយសម្របសម្រួល ក្នុងការព្យាបាលដល់ជនរងគ្រោះ។ ទោះបីយ៉ាងលោកចៅសង្កាត់ បានសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់លោក ដែលបានជ្រុលដៃទះចំក្បាលសន្តិសុខរហូតដល់ចូលមន្ទីរពេទ្យ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពជំងឺជនរងគ្រោះក៏បានធូរស្បើយផងដែរ។
នេះជាការឆ្លើយតបរបស់ចៅសង្កាត់ព្រែកប្រា លោក ហួរ ហួត ចំពោះរឿងរ៉ាវប៉ះពាល់ដល់សន្តិសុខម្នាក់៖
ខ្ញុំសូមបញ្ជាក់ថាដំបូងឡើយករណីនេះ កើតឡើងដោយការភ័ន្តច្រលំប៉ុណ្ណោះ ដែលដំណើររឿងមានដូចខាក្រោម៖
នៅវេលាម៉ោង១៧៖៤០នាទី ខ្ញុំបានបើករថយន្តត្រឡប់មកផ្ទះហើយ ក៏ឈប់នៅមុខផ្ទះរង់ចាំថយរថយន្តចូលក្នុងផ្ទះ គាប់ជួនមានសន្តិសុខបុរីម្នាក់ បានដេញរថយន្តរបស់ខ្ញុំអោយចេញ ដោយទុកផ្លូវអោយរថយន្តមេរបស់គេ (បុរី) ចេញ រួចមកខ្ញុំក៏ទៅសួរសន្តិសុខនោះថា ខ្ញុំចតមុខផ្ទះខ្ញុំ អោយខ្ញុំទៅណា? រួចហើយសន្តិសុខនោះក៏បានសុំទោសខ្ញុំ ដោយមិនបានដឹងថាផ្ទះរបស់ខ្ញុំនៅទីនេះ ពេលកំពង់ជជែកគ្នា ស្រាប់មានសន្តិសុខពីរនាក់ផ្សេងទៀតជិះម៉ូតូមកដល់ក៏បានសួរនាំ ដោយសំលេងខ្លាំងៗពីលើម៉ូតូរួចដើរតំរង់មករកខ្ញុំ ដោយកាយវិការគិតថានឹងមកវាយខ្ញុំ ទន្ទឹមនឹងនេះខ្ញុំនឹកស្មានថាសន្តិសុខ ដែលជិះម៉ូតូនោះមកវាយខ្ញុំ ខ្ញុំក៏បានទះចំក្បាល ធ្វើអោយសន្តិសុខនោះដួល រួចខ្ញុំក៏លើកសន្តិសុខនោះ ហើយក៏បានសុំទោសផងដែរ។ ក្រោយមកសន្តិសុខនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក និងបន្តទៅកាន់មន្ទីរពេទ្យខ្មែរ សូវៀតដើម្បីពិនិត្យស្ថានភាពដោយខ្ញុំបានតាមដានជាប់ជាប្រចាំ។ បច្ចុប្បន្នជនរងគ្រោះមានស្ថានភាពល្អប្រសើរហើយ។ ចំពោះហេតុការនេះខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ហើយក៏សុំការអភ័យទោស ចំពោះហេតុការណ៍ដែលបានជ្រុលដៃ ដោយការភ័ន្តច្រលំ ហើយខ្ញុំនឹងសំរបសំរួលជួយចេញថ្លៃព្យាបាល ដល់ជនរងគ្រោះទាំងអស់៕