(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។

ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH» បានបង្ហោះថា «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល។ រាល់វ៉ាលីរបស់យើង គឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិក។ ការផ្តល់ជូនមានសុពលភាព តាមអនឡាញរហូតដល់ដាច់ខែ! បញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ!»។

លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង ដោយក្នុងជនខិលខូចក្នុងបំណងបោកប្រាស់ប្រជាពលរដ្ឋ។ ហើយករណីនេះក៏ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ​។ សូមប្រជាពលរដ្ឋកុំជឿទៅលើការផ្សព្វផ្សាយ របស់ទំព័រហ្វេសប៊ុក «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH»នេះ៕