(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះថា បញ្ជីបោះឆ្នោតថ្មីនឹងកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព នៅពេលដែលមជ្ឈដ្ឋានានា ដាក់ពាក្យប្តឹងកាន់តែច្រើនជូនគ.ជ.ប ដោះស្រាយ។
ការអះអាងរបស់ លោក ហង្ស ពុទ្ធា បានធ្វើឡើងក្រោយពេលដែល មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក ហូរ វ៉ាន់ បានអះអាងថា គណបក្សសង្រ្គោះជាតិ នឹងដាក់ពាក្យបណ្តឹង ទៅគ.ជ.ប ពាក់ព័ន្ធនឹងជនដែលមិនមានសញ្ជាតិខ្មែរត្រឹមត្រូវ បានទៅចុះឈ្មោះបោះឆ្នោតជាង ២ពាន់នាក់។ គណបក្សសង្រ្គោះជាតិ សង្ស័យថា ករណីនេះអាចមានការឃុបឃិត ពីអាជ្ញាធរមានអំណាច ទើបអាចផលិតអត្តសញ្ញាណបណ្ណខុសច្បាប់ជាដើម។
អ្នកនាំពាក្យ គ.ជ.ប បានស្វាគមន៍ជាមុនចំពោះគម្រោងដាក់ពាក្យបណ្តឹងថ្មីរបស់គណបក្សប្រឆាំងនេះ។ លោក ហង្ស ពុទ្ធា បានថ្លែងថា «ពាក្យបណ្តឹងច្រើនបែបនេះ ធ្វើឲ្យយើងឃើញថាបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីគឺកាន់តែល្អប្រសើរជាងមុន មានប្រសិទ្ធភាព និងមានតម្លាភាព។ បច្ចុប្បន្ន គ.ជ.ប កំពុងតែដំណើការការងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ក្នុងការប្រជុំរកដំណោះស្រាយរាល់ពាក្យបណ្តឹង ដែលបានដាក់មកគ.ជ.ប នាពេលកន្លងមក»។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ បានទៅចុះឈ្មោះបោះឆ្នោត នៅក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុចាប់ពី១៨ឆ្នាំឡើងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ននៃការ ចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ដែលបានចេញផ្សាយជាប្រចាំថ្ងៃ។ ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕