(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃនៃកម្មវិធីជាតិគាំពារសង្គម មិនស្ថិតនៅលើទំហំថវិកាដែលត្រូវចំណាយនោះទេ តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋទទួលបានផលពិតប្រាកដ ដូច្នេះប្រតិបត្តិករកម្មវិធីជាតិគាំពារសង្គមនេះ ត្រូវធ្វើធានាថាពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ បណ្ណ ប.ស.ស គឺទទួលបានសេវាល្អប្រសើរដូចៗគ្នា។
ការសង្កត់ធ្ងន់បែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ សម្ដេចបវរធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់នូវចក្ខុវិស័យ និងទិសដៅគោលនយោបាយរួចហើយ សម្រាប់ការបន្តកសាងនិងពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា ជាពិសេសការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០២៥នេះ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវធានាប្រជាពលរដ្ឋគ្រប់រូប ទាំងអ្នកប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ បណ្ណ ប.ស.ស ទទួលបានទាន់ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្តល់កម្មវិបាកអវិជ្ជមានលើការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
ពាក់ព័ន្ធនឹងចំណុចទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ចំពោះករណីគ្រូពេទ្យរូបណាមិនយកចិត្តទុកដាក់ នៅពេលប្រើប្រាស់បណ្ណណាមួយខាងលើដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។
ជុំវិញកិច្ចការងារនេះដែរ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់យ៉ាងច្បាស់ចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា «តម្លៃនៃកម្មវិធីជាតិគាំពារសង្គម មិនស្ថិតនៅលើទិន្នន័យ ឬតម្លៃនៃទំហំថវិកាដែលត្រូវចំណាយនោះទេ តម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋទទួលបានផលពិតប្រាកដ»។
តាមរយៈការលើកឡើងនេះ សម្ដេចចង់សង្កត់ធ្ងន់ថា ការគិតគូរអំពីគុណភាពសេវា គឺជាកិច្ចការចាំបាច់។ គុណភាពសេវា បានន័យថាលទ្ធផលនៃការព្យាបាល ទាំងថ្នាំឱសថ ទាំងឧបករណ៍សម្ភារៈ ទាំងកន្លែងឬបន្ទប់ គឺត្រូវធានាភាពល្អប្រសើរ។ សម្ដេចបន្តថា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក បង្អែកខេត្ត ជាតួអង្គជួរមុខនៅតាមមូលដ្ឋាន បូករួមទាំងការទទួលខុសត្រូវរបស់ដៃគូទាំងវិស័យឯកជន ទាំងពេទ្យរដ្ឋ។ ម្យ៉ាងទៀត គឺការពង្រឹងក្រមសីលធម៌ក៏ត្រូវពង្រឹងជាប់ជានិច្ច កុំឱ្យមានរឿងថាអ្នកកាន់បណ្ណ ប.ស.ស ទៅ គេអត់យកចិត្តទុកដាក់ ដូច្នេះត្រូវធ្វើយ៉ាងម៉េចកុំឱ្យមានការរើសអើងឱ្យសោះ។
សម្ដេចបវរធិបតីបានណែនាំទៀតថា បណ្ដាក្រុមគ្រូពេទ្យរដ្ឋដាច់ខាតត្រូវតែយកចិត្តទុកដាក់ ហើយដៃគូឯកជនក៏ត្រូវអនុវត្តតាមអភិក្រម និងក្រមសីលធម៌ផងដែរ មិនត្រូវរើសអើងចំពោះពលរដ្ឋមានលុយ ឬអត់លុយ មិនត្រូវរើសអើងអ្នកទៅបង់លុយ ឬកាន់បណ្ណ ប.ស.ស នោះទេ។ ទាំងនេះហើយដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សង្កត់ធ្ងន់ថា «តម្លៃនៃកម្មវិធីជាតិគាំពារសង្គម គឺនៅត្រង់ហ្នឹង មិនមែនអាស្រ័យលើទំហំថវិកាច្រើនប៉ុនណានោះទេ»៕