(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាក់ចេញនូវ អនុសាសន៍ចំនួន៦ចំណុច ដល់ស្ថាប័ននានា ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានការគាំពារសង្គមកាន់តែមានប្រសិទ្ធភាព សុក្រឹត្យភាព មិនមានការរើសអើង និងទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍​​គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ដើម្បីសម្រេចបានចក្ខុវិស័យ និងទិសដៅគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានកំណត់សម្រាប់ការបន្តកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា ជាពិសេសដើម្បីជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ នេះ ​សម្តេចបានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រសួង-ស្ថាប័ន ដូចខាងក្រោម៖

១. ក្រសួងសុខាភិបាល ត្រូវធានាថាពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបាន ទាន់ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្តល់កម្មវិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ។ ពាក់ព័ន្ធនឹងចំណុចនេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ចំពោះករណីដែលគ្រូពេទ្យរូបណាដែលមិនយកចិត្តទុកដាក់ នៅពេលប្រើប្រាស់បណ្ណណាមួយខាងលើ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។

២. មូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករទោលក្នុងប្រព័ន្ធជំនួយសង្គម
ត្រូវពង្រឹងយន្តការនៃការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល និងត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធឱ្យបានទាន់ពេល ព្រមទាំងពង្រីកការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន ជាពិសេស ពលរដ្ឋគោលដៅបានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គម របស់រាជរដ្ឋាភិបាល ។

៣. ក្រសួងផែនការ និង ក្រសួងមហាផ្ទៃ​ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត​ ក្រុង- ស្រុក-ខណ្ឌ និងឃុំ-សង្កាត់​ ត្រូវធានាថា ការកំណត់អត្តសញ្ញាណត្រូវបាន ធ្វើឡើងចំគោលដៅ និងប្រកបដោយសុក្រឹតភាព ព្រមទាំងត្រូវពន្លឿនការធ្វើបច្ចុប្បន្នភាព និងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅឱ្យបានជាប្រចាំ ដើម្បីចៀសវាងនូវការខកខាន ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម ដោយសារបណ្ណសមធម៌ ឬ បណ្ណងាយរងហានិភ័យរបស់ពួកគាត់ មិនត្រូវបានផ្ដល់ជូន ឬ ផុតសុពលភាព។ ត្រង់ចំណុចនេះ​ ខ្ញុំសូមសង្កត់ធ្ងន់ថា ក្រុមការងារនីមួយៗដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឱ្យបានថា អ្នក ដែលទទួលបានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យ គឺជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ ចៀសវាងការរិះគន់ថា ការផ្តល់បណ្ណទាំងនេះ មិនមានភាពយុត្តិធម៌។ បន្ថែមលើនេះ​ រដ្ឋបាលរាជធានី-ខេត្ត​ ក្រុង-ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ ត្រូវផ្តល់កិច្ចសហការជិតស្និត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេល។

​៤. និយ័តករសន្តិសុខសង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារ និយ័តកម្ម និងត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម ដែលកំពុងរីកធំ ឡើងៗឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាននូវភាពរឹងមាំ និងចីរភាព ហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញ របស់សមាជិក ក្នុងរយៈពេលវែង ។

៥. ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយដែលជាអង្គភាពមួយចំណុះឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវធានាសុក្រឹតភាពនៃការបញ្ជាក់ចំណាយ នៅតាមមូលដ្ឋានសុខាភិបាលផ្តល់សេវា ក្រោមប្រព័ន្ធគាំពារសង្គម នៅទូទាំងប្រទេស ដោយសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល តាមការចាំបាច់ និងឱ្យបានទាន់ពេល ។

៦. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវពង្រឹងយន្តការសម្រប​សម្រួលការអនុវត្តគោលនយោបាយ និងយន្តការតាមដាន និងវាយតម្លៃការ​​អនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ដើម្បីរួមគ្នាធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។ តាមរយៈយន្តការតាមដាន និងវាយតម្លៃនេះ, ក្រុមប្រឹក្សាជាតិ គាំពារសង្គម ត្រូវត្រួតពិនិត្យជាប្រចាំ អំពីវឌ្ឍនភាព ក៏ដូចជា បញ្ហាប្រឈមនានា ដើម្បីរួមគ្នាគិតគូរ និងដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធឱ្យបានទាន់ពេល​៕