(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថាប្រទេសមួយចំនួនដាក់គោលនយោបាយមិនចេញ ដោយសារប្ដូររដ្ឋាភិបាលច្រើនពេក ដាក់ផែនការគោលនយោបាយមកមិនទាន់បានអនុវត្តន៍ស្រួលបួលផង រដ្ឋាភិបាលថ្មីចូលមកដកចេញវិញបាត់។ កត្តានេះនាំឱ្យគោលនយោបាយគាំពារមួយចំនួននៅក្នុងប្រទេសទាំងនោះជួបបញ្ហាមិនអាចអនុវត្តន៍ចេញបាន។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតី បានបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជារដ្ឋាភិបាលពិតណាស់ មានប្ដូរពីសម្ដេចតេជោ មកសម្ដេចមហាបវរធិបតី ប៉ុន្តែក្នុងបក្សនយោបាយតែមួយ គោលនយោបាយតែមួយ នាំឱ្យយើងមាននិរន្តភាពនៃគោលនយោបាយ នឹងបន្តគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥នេះរហូត ឱ្យតែគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំជួបជាមួយប្រទេសមួយចំនួនគាត់ថា គោលនយោបាយដាក់អត់ចេញ ដោយសារប្ដូររដ្ឋាភិបាលច្រើនពេក ថ្នាក់ដឹកនាំមួយឡើងមកដាក់ចេញគោលនយោបាយមួយ មិនទាន់បានរៀបចំយន្តការធ្វើអីផង អ្នកថ្មីឡើងលុបចោលបាត់។ កន្លែងខ្លះគ្រាន់តែកម្មវិធី សុខភាពរបស់ប្រជាពលរដ្ឋហ្នឹងប្រធានាធិបតី ២ ៣អាណត្តិ ប្រធានាធិបតីមួយទម្រាំចេញចចារចុះឡើងៗ ដល់ចប់អាណត្តិឡើងមកលុបអាហ្នឹងចោលបាត់ អ្នកអត់មានកម្មវិធីគាំពារសង្គមនៅតែអត់ដដែល។ តែសម្រាប់យើងរដ្ឋាភិបាល ពិតណាស់មានប្ដូរថ្នាក់ដឹកនាំសម្ដេចតេជោ មកខ្ញុំប៉ុន្តែគណបក្សតែមួយគោលនយោបាយតែមួយ យើងមាននិរន្តរភាពនៃគោលនយោបាយនេះ នឹងបន្តធានាបែបនេះ។

គណបក្សផ្សេងដឹកនាំខ្ញុំមិនដឹងទេ គណបក្សផ្សេងគេមិនបន្តគោលនយោបាយនេះទេ អញ្ចឹងឡើងមកគេលុបចោលគោលនយោបាយនេះហើយ។ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចប្រជាជនកម្ពុជា គោលនយោបាយដែលយើងដាក់ ឆ្នាំ២០២៤-២០៣៥ រយៈពេលវែងនេះ គឺធានានូវចីរភាព ហើយយើងជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា នឹងត្រូវបន្តដឹកនាំរយៈពេលវែងទៅទៀតដោយសារយើងធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ»

សម្ដេចមហាបវរធិបតី បានចោទជាសំណួរថា៖ «ហេតុអ្វីបានជារដ្ឋាភិបាលនិយាយអំពីគណបក្ស? ប្រទេសណាក៏រដ្ឋាភិបាលដឹកនាំដោយបក្សដែរ។ រដ្ឋាភិបាលដឹកនាំអនុវត្តន៍គោលនយោបាយរបស់បក្ស ដែលបានដាក់ចេញមុនបោះឆ្នោត ដែលបានសន្យាជាមួយប្រជាពលរដ្ឋ។ អញ្ចឹងដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំ គោលនយោបាយដែលយើងដាក់មានរយៈពេលវែងនេះ នឹងបន្តអនុវត្តន៍ហើយមានភាពច្បាស់លាស់ មានផែនទីបង្ហាញផ្លូវច្បាស់លាស់ មានយន្តការអនុវត្តន៍ច្បាស់លាស់ ហើយការផ្លាស់ប្ដូរលុបចោលទទឹងទិស មិនអាចអនុវត្តន៍បាននោះទេ»

ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យទុកចិត្តរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំបន្តជម្រុញនូវកម្មវិធីគាំពារសង្គមនេះ ដើម្បីបន្តពង្រឹងការជួយប្រជាពលរដ្ឋតទៅទៀត។

សូមជម្រាបថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ មានវិសាលភាពគ្របដណ្ដប់ពលរដ្ឋបានចំនួនជាង ៧,៥លាននាក់ ត្រឹមដំណាច់ឆ្នាំ២០២៤។ តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។ សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្ដែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈរបស់រាជរដ្ឋាភិបាលបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ បន្ថែមទៀត។ ដែលជាគោលនយោបាយ មានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គមកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕