(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមពិធីបិទសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។
លោកបណ្ឌិត ហង់ ពៅ បានចាត់ទុកសិក្ខាសាលានេះថាមានសារសំខាន់ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងបេតិកភណ្ឌកំពុងធ្វើការងារនៅក្នុងតំបន់បេតិកភណ្ឌផ្សេងគ្នាអាចសិក្សា និងចែករំលែកបទពិសោធន៍ពីការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ពីគ្នាទៅវិញទៅមក។ ចំពោះរមណីយដ្ឋានអង្គរ លោកអគ្គនាយកបានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានធ្វើការងារជាច្រើន ដើម្បីកិច្ចការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ លោកអគ្គនាយកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំង៣ប្រទេស មានកម្ពុជា ឡាវ និងវៀតណាម ដែលបានចូលរួមក្នុងសិក្ខាសាលានេះពីដើមរហូតដល់ចុងបញ្ចប់។ លោកយល់ថា ការបណ្ដុះធនធាននៅក្នុងតំបន់បេតិកភណ្ឌ ពិតជាមានសារសំខាន់ណាស់ ព្រោះថាកិច្ចការអភិរក្សជាកិច្ចការយូរអង្វែង និងត្រូវការធនធានជាច្រើន។ សម្រាប់រមណីយដ្ឋានអង្គរ បច្ចុប្បន្នតាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា គឺបានរៀបចំវគ្គបណ្ដុះបណ្ដាលជាច្រើន ទាំងការងារអភិរក្សប្រាសាទ ទឹក ទេសចរណ៍ និងសហគមន៍ ធ្វើយ៉ាងណាឱ្យមន្រ្តី និងបុគ្គលិកពាក់ព័ន្ធទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ អាចម្ចាស់ការលើកិច្ចការផ្សេងៗនាពេលអនាគត។
លោកស្រី LI Ji ទីប្រឹក្សា និងជាតំណាងស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិនពិតជាមានមោទនភាពណាស់ក្នុងការរួមចំណែកគាំទ្រដោយសិក្ខាសាលាមួយនេះ ក្នុងគោលដៅគាំទ្រដល់សហគមន៍ នៅតាមបណ្ដាប្រទេសទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ និងវៀតណាម។ លោកស្រីរំពឹងថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹងដែលបានសិក្សារយៈពេល១០ថ្ងៃមកនេះ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានសហគមន៍ក្នុងតំបន់បេតិកភណ្ឌរបស់ខ្លួនឱ្យមានប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែកុម្ភៈ និងមានសិក្ខាកាម៣០រូបចូលរួម។ ក្រៅពីសិក្សា និងចែករំលែកបទពិសោធន៍ទ្រឹស្តី សិក្ខាកាមចូលរួមចុះតាមការដ្ឋានមួយចំនួន ដូចជានៅរមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ។ ម្យ៉ាងវិញទៀត រមណីយដ្ឋានអង្គរជាតំបន់បេតិកភណ្ឌមានជីវិត គឺមានសហគមន៍មនុស្ស ក៏ដូចជាមរតករូបី និងអរូបីជាច្រើន ដែលធ្វើឱ្យរមណីយដ្ឋាននេះជាបេតិកភណ្ឌមានជីវិត។ អ្នកជំនាញពីតំបន់បេតិកភណ្ឌពិភពលោកពីប្រទេសឡាវ និងវៀតណាម ក៏បានចូលរួមចែករំលែកពីកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេផងដែរ៕