(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
«សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគី ពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និង លើសកលលោក។ ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជនឱ្យបានជ្រាបកាន់តែច្បាស់។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្កើតឱ្យមាន «សប្តាហ៍គាំពារសង្គមកម្ពុជា» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២មក។ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ ដែលមានរយៈពេលពីរថ្ងៃ ត្រូវបានរៀបចំឡើងក្រោមមូលបទ «អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្ដជីវិត»។ កម្មវិធីនេះ នឹងអមដោយការធ្វើបទបង្ហាញគន្លឹះ, កិច្ចពិភាក្សាពេញអង្គ, កិច្ចពិភាក្សាតាមក្រុម និងការប្រកួតតស៊ូមតិរបស់យុវជន លើប្រធានបទពាក់ព័ន្ធ ដោយមានការចូលរួមពីគណៈអធិបតី, ភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ, តំណាងស្ថាប័នស្រាវជ្រាវ, សិស្ស-និស្សិត និង អ្នកទទួលផល, សរុបចំនួនប្រមាណ ១,០០០នាក់, ទាំងអ្នកចូលរួមដោយផ្ទាល់នៅទីនេះ និងអ្នកចូលរួមតាមរយៈប្រព័ន្ធប្រជុំអនឡាញ។
ទន្ទឹមនឹងការប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ផងដែរ។
ក្នុងគោលបំណងធានានិរន្តរភាពនៃការបន្តតម្រង់ទិសការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រសើរ សម្រាប់រយៈពេល១១ឆ្នាំបន្តទៀត, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំធ្វើបច្ចុប្បន្នកម្ម ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ឱ្យទៅជាក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដោយបានបញ្ចូលនូវលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងធាតុចូល ដែលទទួលបានពីក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និង និយោជិត, អង្គការសង្គមស៊ីវិល និង ភាគីពាក់ព័ន្ធ តាមរយៈកិច្ចប្រជុំបច្ចេកទេស, កិច្ចប្រជុំពិគ្រោះយោបល់ និង សិក្ខាសាលាពិគ្រោះយោបល់សាធារណៈជាច្រើនលើក។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដំណាក់កាលថ្មីនេះ បានធ្វើការផ្លាស់ប្តូរពីអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមបែបសសរស្តម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការផ្តល់កិច្ចគាំពារ តាមហានិភ័យនៃវដ្តជីវិតទាំង៧រួមមាន៖ មាតុភាព និង ហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រក និងជរាភាព និងឧត្តរជីវី ដោយកំណត់នូវទិសដៅអន្តរាគមន៍គាំពារសង្គម តាមដំណាក់កាលនីមួយៗ ក៏ដូចជា កំណត់វិធានការគោលនយោបាយ សម្រាប់កិច្ចការឆ្លងវិស័យពាក់ព័ន្ធ ដើម្បីជួយជំរុញដំណើរការនៃការអភិវឌ្ឍ និងធានាមិនបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ទាំងដោយផ្ទាល់ និងដោយប្រយោល។
+ សមិទ្ធផល និងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា
ប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានពង្រីកវិសាលភាពលើសមុនជាង២ដង ខណៈការ គ្របដណ្តប់ពលរដ្ឋ បានកើនពីចំនួន ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង ៧,៥ លាននាក់ ក្នុងឆ្នាំ២០២៤។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ជាឯកសារគោល និងជាមគ្គុទ្ទេសក៍ សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដោយផ្អែកលើសសរស្តម្ភ ចំនួន២គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលមានវឌ្ឍនភាពដូចខាងក្រោម៖
១. ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម
- ប្រព័ន្ធជំនួយសង្គម៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដែលមានកម្មវិធីចំនួន ៤ ដែលត្រូវបានធ្វើសមាហរ័ណ រួមមាន៖
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ត្រូវបានដាក់ ឱ្យអនុវត្តក្នុងឆ្នាំ២០១៩ ដោយបច្ចុប្បន្ន មានអ្នកទទួលផលសរុបចំនួនប្រមាណ ៤១ម៉ឺននាក់។
* កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា មានសិស្សក្រីក្រទទួលផលសរុបចំនួនជាង ២៦ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ និងត្រូវបានប៉ាន់ស្មានថា នឹងកើនដល់ចំនួនប្រមាណ ៤៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៥។
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព បច្ចុប្បន្ន មានអ្នកទទួលផលចំនួន ២៩,៩៤៥នាក់។
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) បច្ចុប្បន្នមាន អ្នកទទួលផលចំនួន ៣១៥,៦១២នាក់។
ទន្ទឹមនេះ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ ដែលបច្ចុប្បន្នមានចំនួនប្រមាណ ៦៣៦,៥៣៨គ្រួសារ និងការឧបត្ថម្ភសមាជិកគ្រួសារក្រីក្រដែលរស់នៅជាមួយមេរោគ និងជំងឺអេដស៍ ចំនួន ៣,២៤៨នាក់ ផងដែរ។
ក្នុងឆ្នាំ២០២៤, រាជរដ្ឋាភិបាលបានវិភាជថវិកាជាតិចំនួន ៥៤៧,៤៩៥លានរៀល ស្មើនឹង ១៣៧លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ហើយក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលបានគ្រោងថវិកាចំនួន ៦២៣,១៧៩លានរៀល ស្មើនឹង ១៥៥,៨លានដុល្លារអាម៉េរិក។
* កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍មានសាលារៀនអនុវត្តកម្មវិធីនេះសរុបចំនួន ១,១១៤សាលា និងសិស្សទទួលផលប្រមាណ៣០ ម៉ឺននាក់។
* កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ មានយុវជនបានចុះឈ្មោះចូលរៀនចំនួន ៧៧,១៥០នាក់។
* មូលនិធិសមធម៌សុខាភិបាល មានពលរដ្ឋប្រមាណ ៤,៨លាននាក់ ទទួលបានការថែទាំសុខភាព ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. បានផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតជាស្រី្តនៅពេលសម្រាល។ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មក, រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ និងផ្តល់សេវាសុខាភិបាលបន្ថែមក្នុងអំឡុងមានផ្ទៃពោះ និងក្រោយសម្រាលរហូតដល់កុមារអាយុ ២ឆ្នាំ ហើយបានពង្រីកវិសាលភាពដល់មន្រ្តីរាជការ, មន្រ្តីកម្មសិក្សា, និងមន្ត្រីជាប់កិច្ចសន្យាជាស្រី្ត។ បច្ចុប្បន្ន, ស្រ្តី និងកុមារសរុបប្រមាណ ៩៥ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។
- ប្រព័ន្ធសន្តិសុខសង្គម៖
* របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីត យុទ្ធជន បានគ្របដណ្តប់និវត្តជនចំនួន ១២៩,៩១៣នាក់ ដោយរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន ១,៥៣៩,៨១៣លានរៀល ស្មើប្រមាណ ៣៨៥លានដុល្លារអាម៉េរិក សម្រាប់បើកប្រាក់សោធនជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឆ្នាំ២០២៤។
* របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ (កម្មករនិយោជិត) បានគ្របដណ្តប់លើកម្មករនិយោជិតចំនួន ១,៧លាននាក់។
* របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសមាជិកសកម្មសរុបចំនួន ២,៦៥ លាននាក់ ដែលក្នុងនោះ មានកម្មករនិយោជិត ១,៧លាននាក់, ៥០,១ម៉ឺននាក់ ជាបុគ្គលនៃវិស័យសាធារណៈ, និងបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. មានចំនួនជាង ៤៤,២ ម៉ឺននាក់។
* របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ មានសមាជិកសកម្មចំនួន ២លាននាក់ ក្នុងនោះ កម្មករនិយោជិតចំនួន ១,៧ លាននាក់ និងមន្ត្រីសាធារណៈ ចំនួន ២៩,៨ ម៉ឺននាក់។
+ អន្តរាគមន៍នានារបស់រាជរដ្ឋាភិបាលក្នុងប្រព័ន្ធគាំពារសង្គម
រាជរដ្ឋាភិបាលក៏បានអនុវត្តកម្មវិធីជំនួយសង្គមពិសេស ក្នុងអំឡុងប្រទេសជួបប្រទះ វិបត្តិ និងគ្រោះអាសន្ននានា ដូចខាងក្រោម៖
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ នឹងជំងឺកូវីដ-១៩៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាព រស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ពេលនោះមានគ្រួសារក្រីក្រ និងងាយ រងគ្រោះចំនួនប្រមាណតែ ៥៣០,៨៣៨គ្រួសារ ស្មើនឹង ២,១៥៣,១១៤នាក់ប៉ុណ្ណោះ ត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីកម្មវិធី។
កម្មវិធីនេះបានបិទបញ្ចប់ទាំងស្រុង កាលពីខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីអនុវត្តបានរយៈពេល ៤៦ខែ ដែលក្នុងនោះការអនុវត្តពេញលេញមានរយៈពេល ៤៣ខែ (ខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្តចាកចេញរយៈពេល ៣ខែ (ខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រចំនួនជាង ៧០ ម៉ឺនគ្រួសារ ស្មើនឹងសមាជិកចំនួន ២,៨លាននាក់ និងបានចំណាយថវិការដ្ឋសរុបចំនួន ៥,៤ទ្រីលានរៀល ឬស្មើនឹង ១,៣៦០ លានដុល្លារអាម៉េរិក។
+ កិច្ចអន្តរាគមន៍គាំពារសង្គម ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា៖
ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធអតិផរណា ដែលបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ/សេដ្ឋកិច្ច ជាពិសេសជម្លោះរវាងរុស្សី-អ៊ុយក្រែន។ កាលពីចុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់ គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស តាមរយៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា ក្នុងគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណា(ថ្លៃទំនិញលើទីផ្សារ) ក្នុងមួយគ្រានៃវិបត្តិ ដោយបានគ្របដណ្ដប់លើគ្រួសារគោលដៅសរុបចំនួនប្រមាណ ៥០ម៉ឺនគ្រួសារ ឬមានសមាជិកចំនួនប្រមាណ ១,៨លាននាក់ ដោយបានចំណាយថវិកាសរុបអស់ចំនួនប្រមាណ ១៧៦ ប៊ីលានរៀល ឬ ប្រមាណជាង ៤៤លានដុល្លារអាម៉េរិក។ កម្មវិធីនេះ បានបញ្ចប់ការអនុវត្តទាំងស្រុងកាលពីពាក់កណ្ដាលឆ្នាំ២០២៣។
+ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៖
ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាល បានផ្តល់ការគាំទ្រដល់គ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី គ្រោះទឹកជំនន់ នៅក្នុងតំបន់ភូមិសាស្ត្រនៃ រាជធានី-ខេត្តគោលដៅចំនួន១៦ ក្នុងគោលបំណងជួយរក្សាលំនឹងជីវភាព និងជួយស្តារជីវភាពឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារគោលដៅចំនួន ៩៩,១៦៩គ្រួសារ ឬស្មើនឹង ៣៧២,៨៥៩នាក់ សម្រាប់រយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានចំណាយថវិកាសរុបចំនួន ៤៦,៨ ប៊ីលានរៀល ឬស្មើនឹង ១១,៧លានដុល្លារអាម៉េរិក៕