(ឧត្ដរមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរងនគរបាលទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមលោកវរសេនីយ៍ឯក ឯម សុគន្ធ នាយការិយាល័យបុគ្គលិក នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិកគ្រួសារសពនាយនគរបាលជាតិចំនួន២គ្រួសារ សរុបថវិការចំនួន១២.០០០.០០០រៀល។

ក្នុងនាមលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ, លោកឧត្ដមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនក្រុមគ្រួសារសពនាយនគរបាលចំនួន២គ្រួសារផងដែរ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង ក៏បានសំដែងនូវកាចូលរួមសោកស្តាយ ដោយក្តីរអាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់នាយនគរបាលជាតិ២រូប ដែលជាស្វាមី និងឪពុកដ៏ល្អ នៅក្នុងក្រុមគ្រួសារ។

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាដែលប្រគល់ជូននាពេលនេះរួមមាន៖

ទី១៖ ជូនដល់លោកស្រី ឱក សុខឯម ត្រូវជាភរិយារបស់សពលោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន នូវថវិការចំនួន ៦លានរៀល។

ទី២៖ ជូនដល់លោក សាង ម៉េងលាភ ត្រូវជាកូនរបស់សពលោក ប៊ូ ផឹង នូវថវិការចំនួន ៦លានរៀលផងដែរ៕