(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យចេះកៀរគរមូលធនជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក សាយ គឹមឡម បានថ្លែងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ពលរដ្ឋដែលមានពិការភាពខ្វះខាតក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី ដែលលោកតែងតែនឹករលឹក និងគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពពុកម៉ែបងប្អូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា។

លោកបានលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាក្រោម ត្រូវប្រើប្រាស់ និងបែងចែកមូលធនដែលកៀរគរបានប្រកបដោយតម្លាភាព សច្ចភាព គណនីយភាព និងប្រើប្រាស់ចំគោលដៅហើយមិនប្រកាន់ បក្សពួកឬនិន្នាការនយោបាយឡើយ។

លោក សាយ គឹមឡម បានណែនាំ ដល់រដ្ឋបាលឃុំ ត្រូវខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខមាលភាពពុកម៉ែបងប្អូន ប្រជាពលរដ្ឋដែលមានពិការភាពដើម្បីជួយផ្គត់ផ្គង់ទំនុកបម្រុងលើជីវភាពក៏ដូចជា សេវាទូទៅក្នុងការផ្ដល់ជូនពួកគាត់ឲ្យបានជាអាទិភាព។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦គ្រួសារខាងលើក្នុងម្នាក់ៗ ទទួលបាននូវអង្ករ១បេ ត្រីខរ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា៣ម៉ឺនរៀល ដោយឡែកបងស្រីដែលមានពិការភាពភ្នែកទទួលបានទឹកប្រាក់ ២០ម៉ឺនរៀលនិងបងស្រីដែលមានពិការបញ្ញាស្មារតីទទួលបានទឹកប្រាក់១០ម៉ឺនរៀល៕