(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់គោលការណ៍៧ចំណុច ដល់មន្ត្រីដើម្បីអនុវត្តសំដៅបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ និងធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងត្រីមាសទី១ ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី មន្ត្រីនគរបាលជាង២០០នាក់។
ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ បានលើកពីចំណុចខ្លាំង ចំណុចខ្សោយ ត្រួតពិនិត្យ និងវាយតម្លៃដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍នៅខែបន្តដោយបានក្រើនរំលឹកដល់គ្រប់កងកម្លាំងនគរបាលក្នុងខេត្តទាំងអស់តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តីពេលផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងនោះបានសង្កត់ធ្ងន់លើការងារ៧ចំណុច រួមមាន៖
ទី១៖ ការងារព្រហ្មទណ្ឌត្រូវបង្កើនការអនុវត្តច្បាប់សំដៅបង្ការ ទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង ល្បែងស៊ីសង និងបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់
ទី២៖ ការងារប្រឆាំងបទល្មើសគ្រឿងញៀនត្រូវបង្ក្រាបដូចភ្លៀងរលឹម
ទី៣៖ ការងារចរាចរណ៍ផ្លូវគោកត្រូវរឹងបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមគោលការណ៍
ទី៤៖ ការងារអន្តោប្រវេសន៍ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋាន ឬទាំងខេត្តកំពង់ធំ
ទី៥៖ ការងារអត្តសញ្ញាណកម្មបន្តបង្កើនការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងទាន់ចិត្ត
ទី៦៖ បន្តថែរក្សាកត្តាសាមគ្គី ឯកភាពផ្ទៃក្នុង ចេះជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក
ទី៧៖ ផែនការងារជំនាញនិងអធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងការដឹកនាំបញ្ជា លើការងារអនុវត្ត តួនាទី ភារកិច្ចប្រចាំថ្ងៃ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលប្រឈមត្រូវបញ្ចុះកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬនិងពីស្នងការដ្ឋាននគរបាលខេត្តតាមការកំណត់ណាមួយដើម្បីជួយទ្រោលសភាពការណ៍ ដល់់ប៉ុស្តិ៍នគរបាលរដ្ឋបាល (ជូនសេនាធិការ និងធនធាន ពិនិត្យ) ការផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងអង្គភាព សម្រាប់កិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បង្កើនការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តាមវេទិកាសាធារណៈដល់មហាជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ និង បង្កើនការល្បាត ផ្លាស់ប្តូវេនប្រចាំការ តាមគោលដៅងាយរងគ្រោះ តាមមូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ដែលខ្លួនទទួលត្រូវ៕