(កំពង់ចាម)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាមក្រោមអធិបតីលោក ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។
ក្នុងកិច្ចប្រជុំពិភាក្សានោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសងគ្រប់ប្រភេទនៅថ្ងៃទី១៩ ខែកុម្ភៈ។
លោកអភិបាលខេត្ត បានបន្តទៀតថា ទិសដៅបន្ត ក្រុមការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង ឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងខេត្តកំពង់ចាម ទាំងនៅថ្នាក់ខេត្ត ក្រុង-ស្រុក ដោយធ្វើសកម្មភាពជាប់ ជាប្រចាំដូចភ្លៀងរលឹម ចុះឆ្មក់ ឃ្លាំមើល ទីតាំងល្បែង ដែលបានធ្វើកិច្ចសន្យា បិទកន្លងមក មិនឱ្យមានការលបលួចបើកឡើងវិញឡើយ និងល្បាតតាមភូមិសាស្ត្រពិនិត្យមើលទីតាំងផ្សេងទៀត ដែលលបលួចបើកលេងល្បែង ដោយចាត់វិធានការបង្ក្រាបនៅនឹងកន្លែងតែម្ដង។
លោក ជួន សុវណ្ណ បានលើកឡើងថា បញ្ហាល្បែងស៊ីសងមិនមែនទើបតែកើតមានក្នុងបច្ចុប្បន្ននេះទេ សូម្បីតែសម័យសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្ដេចបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យបង្ក្រាបល្បែងស៊ីសង នៅទូទាំងប្រទេស រហូតមកដល់ អាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តដាក់វិធានការក្នុងការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេសនេះផងដែរ។
លោក ជួន សុវណ្ណ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ជាពិសេសលោក អ៊ុន ចាន់ដា ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អាចធ្វើការបំបាត់ល្បែងស៊ីសងនោះ បានទាំងស្រុងនៅទូទាំងខេត្តជាង៤០០ទីតាំង តាមរយៈការធ្វើកិច្ចសន្យា និងការចុះបង្ក្រាប ដើម្បីធ្វើឲ្យល្បែងស៊ីសងទាំងអស់នោះបិទទ្វារលែងឲ្យមានដំណើរការ៕