(ហ្សាការតា)៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Michelle Chan ឧត្តមមន្ត្រីអូស្ត្រាលីទទួលបន្ទុកការងារអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានៅប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន និងបានផ្លាស់ប្តូរទស្សនៈជុំវិញវិស័យនានានៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ព្រមទាំងបានស្វែងរកវិធីដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ដោយផ្តល់ការគាំទ្រដល់អាទិភាពរបស់អាស៊ាននៅឆ្នាំ២០២៥។
អគ្គលេខាធិការអាស៊ាន បានស្វាគមន៍គណៈប្រតិភូមកពីមជ្ឈមណ្ឌលសិក្សាអាស៊ាន នៃវិទ្យាស្ថាន ISEAS-Yusof Ishak ដឹកនាំដោយលោកនាយក Choi Shing Kwok។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញវឌ្ឍនភាព និងទិសដៅអនាគតរបស់អាស៊ាន ជាពិសេស នៅក្រោមការដឹកនាំរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន។
បន្ទាប់មកក៏មានកិច្ចពិភាក្សាតុមូលជាមួយក្រុមអ្នកស្រាវជ្រាវ និងតំណាងពីផ្នែកសិក្សាធិការ ពីមជ្ឈមណ្ឌលសិក្សាអាស៊ាន អមជាមួយមន្ត្រីបុគ្គលិកជាន់ខ្ពស់នៃលេខាធិការដ្ឋានអាស៊ាន។ កិច្ចពិភាក្សាបានផ្តោតលើកាលានុវត្តភាព និងការប្រឈមរបស់សសរស្តម្ភទាំង៣ នៃសហគមន៍អាស៊ាន។ សូមជម្រាបជូនថា មជ្ឈមណ្ឌលសិក្សអាស៊ាននៃវិទ្យាស្ថាន ISEAS-Yusof Ishak Institute គឺជាជ័យលាភីពានរង្វាន់អាស៊ានកាលពីឆ្នាំ២០២០។
នៅរសៀលថ្ងៃពុធ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជាធិបតីថ្លែងសន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៌ស្តីពី ទស្សនៈវិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី នៅក្នុងថាមពលនុយក្លេអ៊ែរស៊ីវិល និងបច្ចេកវិទ្យា។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានស្វាគមន៍កិច្ចសហការកាន់តែប្រសើរ ជាមួយដៃគូអាស៊ាន ក្នុងវិស័យថាមពលនុយក្លេអ៊ែរស៊ីវិល។
នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឧត្តមនាវីឯក Stephen Koehler មេបញ្ជាការទ័ពជើងទឹកតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យសន្តិសុខលំហរសមុទ្រ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ជាមួយអាស៊ានផងដែរ។
នៅរសៀលថ្ងៃពុធ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ Joanna Jane Anderson ឯកអគ្គរាជូតតែងតាំងប្រទេសនូវែលសេឡង់ប្រចាំអាស៊ាន បានជូនសារតាំងដល់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកជំទាវ Anderson សម្រាប់ការតែងតាំង ហើយបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តព្រឹងទំនាក់ទំនងជាមួយប្រទេសនូវែលសេឡង់។ លោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃអាណត្តិរបស់លោកជំទាវ ស្របពេលដែលអាស៊ាន និងនូវែលសេឡង់ កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
បណ្ឌិត កៅ គឹមហួន ក៏បានទទួលស្គាល់ពីការគាំទ្រឥតងាករេរបស់នូវែលសេឡង់ ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការចូលរួមយ៉ាងសកម្ម នៅក្នុងយន្តការដឹកនាំដោយអាស៊ានផងដែរ។
លោកជំទាវ Anderson បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ ហើយគាត់ពិតមានកិត្តិយសដែលទទួលតួនាទីជាឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន ចំពេលដ៏សំខាន់សម្រាប់ភាពជាដៃគូអាស៊ាន-នូវែលសេឡង់។
លោកជំទាវរំពឹងធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ជាមួយអាស៊ាន នៅក្នុងអាណត្តិរបស់លោកជំទាវ។ សូមជម្រាបជូនថា លោកជំទាវ Anderson ជំនួស ឯកឧត្តម Stuart Donald Cave Calman ដែលបានបញ្ចប់អាណត្តិការទូតកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥។
នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យរង Simon Tay ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលក្រុមអ្នកវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ២ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងសកលលោកផងដែរ។
នៅរសៀលថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Francis Wong ប្រធានរៀបចំវេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ាន ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សម្របសម្រួលពាណិជ្ជកម្ម និងឱកាសវិនិយោគ ព្រមទាំងពង្រឹងការចូលរួមរវាងអាស៊ាន និងអូស្ត្រាលី នៅមុនពេល វេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ាន ដែលគ្រោងធ្វើនៅឆមាសទី ២ ឆ្នាំ២០២៥ នៅប្រទេសអូស្ត្រាលី។
នៅល្ងាចថ្ងៃពុធ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារការងាររៀបចំដោយលោកជំទាវ Vicky Singmin ឯកអគ្គរាជទូតកាណាដាប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ព្រមទាំងបានពិភាក្សាអំពីផែនការសកម្មភាពអាស៊ាន-កាណាដាថ្មី ពីឆ្នាំ២០២៦ ដល់ ២០៣០ ផងដែរ៕