(ម៉ារ៉ុក)៖ បន្ទាប់ពីជំនួបទ្វេភាគីជាមួយលោករដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានបន្តជួបប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត Etienne Krug ប្រធាននាយកដ្ឋានសុខភាពសង្គម នៃអង្គការសុខភាពពិភពលោក ។

នៅក្នុងជំនួបកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីប្រធានគណៈប្រតិភូកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោក បានពិភាក្សាការងារលើ (១) ការរៀបចំសួនសុវត្ថិភាពចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និង (២) ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សាធារណជន និងការពង្រឹងការរៀបចំតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន (Safe school Zones)។

តាមរយៈកិច្ចពិភាក្សានេះ ភាគីកម្ពុជាបានស្នើឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រដល់កម្ពុជាលើសកម្មភាពមួយចំនួនដើម្បីសម្រេចបានតាមផែនការជាតិរបស់កម្ពុជា លើការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៏ឱ្យបាន៥០% ត្រឹមឆ្នាំ២០៣០ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅគ្រប់វិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកដែលបានរៀបចំ និងគាំទ្រដល់គណៈប្រតិភូកម្ពុជា ក្នុងការចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤៕