(ភ្នំពេញ)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក Millinoked underway ចូលនឹងមកដល់កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ខាងមុខនេះ ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាមួយមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទកម្ពុជា រយៈពេល២ថ្ងៃ នៅខេត្តព្រះសីហនុ ក្នុងសប្តាហ៍ក្រោយនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ ការិយាល័យឃោសនា-ព័ត៌មាន កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នៅព្រឹកមិញនេះ។

នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក Millinoked underway នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ អំឡុងទស្សនកិច្ចនេះ

មូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងនាវិកនៃនាវា Millinoked underway កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងសហការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា លើវិញ្ញាសារមួយចំនួនក្នុងតំបន់ សមុទ្រខេត្តព្រះសីហនុ ក្នុងនោះមានលំហាត់បាញ់គ្រាប់ពិតនៅតំបន់ខាងកើត និងខាងត្បូងកោះតាង នៅថ្ងៃទី០២ នឹងទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

មូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ កុំមានការភ័យខ្លាច ឬភ្ញាក់ផ្អើលនឹងព្រឹត្តិការណ៍នេះ៕