(ក្រចេះ)៖ ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ជាក្រុមហ៊ុនធំលំដាប់លេខ២ នៅក្នុងប្រទេសចិន បានមកដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ នៃប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក ឈីន កាង (Chen Gang) នាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR មកកាន់បណ្ដាញព័ត៌មាន Fresh News។

បើតាមការបញ្ជាក់ពីលោក ឈីន កាង (Chen Gang) ក្រុមហ៊ុនមានគម្រោងដកយកចំណែកនៃផលិតផលសំបកកង់រថយន្តចំនួន ១៥% លក់នៅក្នុងប្រទេសកម្ពុជា ដោយមានគុណភាពល្អ ឬប្រសើរជាង លក់នៅទីផ្សារអឺរ៉ុប និងអាមេរិក ទៅទៀត ព្រោះកម្ពុជាជាទីតាំងផលិតសំបកកង់រថយន្តម៉ាកនេះស្រាប់។

នាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងមួយឆ្នាំរោងចក្រត្រូវការជ័រកៅស៊ូសម្រាប់ផលិតសំបកកង់រថយន្តប្រមាណ ៥ ទៅ៦ម៉ឺនតោនក្នុងមួយឆ្នាំ។ ឥលូវនេះក្រុមហ៊ុនកំពុងតែស្នើសូមទៅកាន់ CDC ដើម្បីអាចលក់នៅក្នុងស្រុក ព្រោះលក់នៅក្នុងស្រុកក៏ត្រូវការស្នើសូមច្បាប់ដែរ ហើយការលក់នៅក្នុងស្រុកសម្រាប់គុណភាព ក៏ត្រូវតែល្អជាងការនាំចេញទៅទៀត»។

ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ បានផលិតសំបកកង់រថយន្តលក់នៅក្នុងទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ ហើយកាលពីឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុននេះបាននាំចេញសំបកកង់រថយន្តដំបូងរបស់ខ្លួន បានប្រមាណ១០ម៉ឺនឈុតលើទីផ្សារទាំងពីរខាងលើ។

បើតាមការបញ្ជាក់ពីលោក ឈីន កាង Chen Gang នាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកសរុបប្រមាណ ១៦០០នាក់ និងបុគ្គលិកជាង ៨០% ជាជនជាតិខ្មែរ ក្រៅពីនោះជាជនជាតិចិន បុគ្គលិកបច្ចេកទេស។

ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR បានមកសិក្សាពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជានៅខែមករា ឆ្នាំ២០១៣ ហើយបានមករត់ឯកសារពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ នៅខែឧសភា ឆ្នាំ២០២៣ និងបានចាប់ផ្ដើមផលិតសំបកកង់នៅតំបន់សេដ្ឋកិច្ចពិសេសនេះ នៅខែឧសភា ឆ្នាំ២០២៤ ដោយមានផលិតលក់នៅលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

សូមជម្រាបថា ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR មានចំនួន សាខាចំនួន១១ទីតាំងនៅជុំវិញពិភពលោក ក្នុងនោះមាននៅក្នុងប្រទេសដូចជា៖ ប្រទេសកូរ៉េ, អាមេរិក, វៀតណាម, ចិន និងក្នុងប្រទេសបណ្ដាសហគមន៍អឺរ៉ុបមួយចំនួនទៀត៕