(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងអ្នកឧកញ៉ា សួរ វីរៈ ជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ដើម្បីរួមចំណែកក្នុងការជួយជម្រុញចំណងមិត្តភាពរវាងប្រទេសទាំង២។
ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt regency Phnom Penh និងដោយមានការចូលរួម លោក លោកស្រី អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះលោក ឃួន ផុនរតនៈ បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរដល់អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា សម្រេចតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា និងបានជម្រុញឱ្យខិតខំពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសចូលរួមក្នុងការជួយជម្រុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
លោកស្រី Orna Sagiv ក្នុងនាមប្រទេស និងប្រជាជនអ៉ីស្រាអែល ក៏បានថ្លែងចូលរួមអបអរ និងថ្លែងអរគុណដល់អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយសទទួលយកការតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយលោកស្រីក៏បានរំពឹងខ្ពស់ផងដែរថា តាមរយៈកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជានេះ នឹងចូលរួមចំណែកក្នុងជួយដល់ការជម្រុញនូវកំណើនភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំង២ ផងដែរ។
នាឱកាសនោះដែរអ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្តេជ្ញាទទួលខុសត្រូវខ្ពស់ ក្នុងនាមជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយគោរពគោលបំណងនៃការតែងតាំងនេះដែលបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងការក សាងអនាគត ដោយផ្អែកលើកិច្ចសហការ ការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ។
អ៉ីស្រាអែល និងកម្ពុជា បាននិងកំពុងចែករំលែកបទពិសោធន៍ដ៏សម្បូរបែប ភាពច្នៃប្រឌិត និងភាពជឿជាក់ក្នុងដំណើរឆ្ពោះទៅវឌ្ឍនភាព។ ទោះបីជាប្រទេសទាំងពីរមានទីតាំងស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ក៏ ប្រជាជាតិមានគោលបំណងស្របគ្នាជាច្រើនមានជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព ការពង្រឹងផ្នែកបច្ចេកវិទ្យា វិស័យអប់រំ ដែលនឹងធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនរបស់យើង ។
ក្នុងនាមជាកុងស៊ុលកិត្តិយស លោកនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដើម្បីឱ្យកាន់តែមានការចែករំលែកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ហើយលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៉ីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ដើម្បីសម្រេចកិច្ចការដែលបានកំណត់ នឹងខិតខំបង្កើនឱកាសសហការថ្មីៗបន្ថែមទៀត ព្រមទាំងពង្រឹងចំណងមិត្តភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ ។
អ្នកឧកញ៉ា សួរ វីរៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសអ៉ីស្រាអែល ដោយមានលោកស្រីឯកអគ្គរដ្ឋទូត Orna Sagiv ជាតំណាង និងរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានផ្តល់ការជឿជាក់ និងមានទំនុកចិត្តលើរូបលោក។ លោកក៏ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបំពេញភារកិច្ចឱ្យបានល្អបំផុត ដើម្បីជាចំណែកចូលរួមកសាងភាពរុងរឿងរួមគ្នា ការច្នៃប្រឌិត និងភាពជាដៃ គូយូរអង្វែងរវាងប្រទេសទាំងពីរ៕