Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ជា សុមេធី និងលោកស្រីអញ្ជើញប្រគល់ផ្ទះមូលនិធិជនពិការជូនគ្រួសារជនមានពិការភាព១គ្រួសារនៅខេត្តព្រះវិហារ

19-02-2025 17:37

(ព្រះវិហារ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះ «មូលនិធិជនពិការ» ជូនគ្រួសារជនមានពិការភាពក្រីក្រ១គ្រួសារនៅខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីក្រោមចំណុះរដ្ឋបាលខេត្តព្រះវិហារ និងសាខាមូលនិធិជនពិការខេត្តព្រះវិហារ។

ផ្ទះមូលនិធិជនពិការថ្មី១ខ្នងនេះ មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ ត្រូវបានប្រគល់ជូនជនមានពិការភាពក្រីក្រមានឈ្មោះ អឹម ឈាន ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនមានពិការភាពជើងខាងស្ដាំត្រឹមភ្លៅ ដោយសារមីនក្នុងកំឡុងពេលសម័យប៉ុលពត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៣នាក់ ប្រពន្ធមានជំងឺស្លាប់មួយចំហៀងខ្លួន និងកូនស្រី១នាក់ រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

លោក ជា សុមេធី បានសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារជនមានពិការភាពខាងលើ ដែលជួបការលំបាកក្នុងជីវភាព។ លោកបានបន្តថា តាមរយៈកម្មវិធីការងាររបស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោលឡើយ ជាក់ស្តែងអំឡុងនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរទាំងផ្នែកសុខភាព និងផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ ជាពិសេសជនដែលងាយរងគ្រោះ នូវការដាក់ចេញជាគោលនយោបាយជាច្រើន ដូចជា ការឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់អំឡុងពេលអតិផរណា កម្មវិធីកញ្ចប់គ្រួសារ កុមារអាយុក្រោម២ឆ្នាំ ស្រី្តមានផ្ទៃពោះ និងមានកម្មវិធីគាំទ្រផ្សេងៗទៀតជាហូរហែរមកដល់បច្ចុប្បន្ននេះ។ ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺមូលនិធិជនពិការ ក្នុងនាមជាសេវាធិការជូនក្រសួង ស.អ.យ. បានរៃអង្គាសថវិកាពីសប្បុរសជននានា តាមរយៈការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌ ដើម្បីយកមកសាងសង់ផ្ទះ និងយកទៅទិញកញ្ចប់អំណោយសម្រាប់ចែកជូនជនមានពិការភាពទីទាល់ក្រ ដែលសកម្មភាពទាំងនេះពិតជាបានជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់ជនមានពិការក្រីក្រផងដែរ។

លោកបានណែនាំឱ្យគ្រួសារជនមានពិការភាពខាងលើ ត្រូវចេះថែទាំសុខភាព និងទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាឱ្យបានទៀងទាត់តាមបច្ចេកទេស ដើម្បីបង្កើនលទ្ធភាពក្នុងការរស់នៅ និងចូលរួមក្នុងសកម្មភាពសង្គម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី និងលោកស្រីបានប្រគល់សោរជានិមិត្តរូប និងបានផ្ដល់អំណោយដ៏ថ្លៃថ្លា រួមមាន៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ អំបិលចំនួន១កញ្ចប់ ស្ករសចំនួន១កញ្ចប់ និងថវិកាចំនួន១០០,០០០រៀល ជូនដល់លោក អឹម ឈាន និងក្រុមគ្រួសារដើម្បីប្រើប្រាស់៕