(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ចនៅឆ្នាំ២០២៥ តទៅ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមរយៈលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឃើញ និងឯកភាពដូចខាងក្រោម៖
*ទី១៖ អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ
*ទី២៖ កំណត់រយៈពេលក្នុងអន្តរកាល៦ខែ ក្នុងការបញ្ជ្រាបប្រេងសាំងស្តង់ដារ (EURO 5) ក្នុងទីផ្សារកម្ពុជា និងឈានទៅជំនួសប្រេងសាំងស្តង់ដារ (EURO 5) ទាំងស្រុងតែម្តង។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5) គឺជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ លើកកម្ពស់គុណភាពខ្យល់ និងការបញ្ចេញផ្សែង ពីយានយន្តផ្សេងៗដែលកើតតាមរយៈការដឹកជញ្ជូន ការប្រើប្រាស់ថាមពលអគ្គិសនីដែលដើរដោយថាមពលប្រេងឥន្ទនៈផូស៉ីលជាដើម។
សូមបញ្ជាក់ថា កម្ពុជាបាននិងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ ប្រសើរឡើង ជាពិសេសបន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាតឆ្នាំ២០២២។
ក្នុងនោះការរឹតបន្តឹងស្តង់ដារប្រេងឥន្ធនៈ គឺក្រសួងបរិស្ថានបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន លើកកម្ពស់គុណភាពប្រេងឥន្ធនៈដែលប្រើប្រាស់នៅកម្ពុជា ពោលនឹងអនុវត្តស្តង់ដារប្រភេទ ៥ (EURO 5) តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៧១ សជណ.ដប៕