Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តប៉ៃលិន គ្រោងសាងសង់រង្វង់មូលថ្មី នៅលើដងផ្លូវជាតិលេខ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

19-02-2025 17:01

(ប៉ៃលិន)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលទីតាំងគ្រោងសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ។

ជាពិសេសបានធ្វើឲ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើង ពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។ ជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេចចេញជារូបរៀងឡើងនាពេលខាងមុខ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ។

លោកស្រី បាន ស្រីមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរ រួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពលរដ្ឋ បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ៕