(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសបិទចរាចរណ៍ ចំពោះរថយន្តដឹកទំនិញធន់ធ្ងន់ រថយន្តបែនដឹកដី ថ្ម ខ្សាច់ ហាមមិនឲ្យបើកឆ្លងកាត់ផ្លូវជុំវិញសាលាខេត្ត ដោយសារនៅទីនោះ កំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាព ព្រមទាំងចាត់ឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវចាត់វិធានការទបស្កាត់ឲ្យបានតឹងរឹងបំផុត។
ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទើបទទួលបាន នៅថ្ងៃទី២៥ ខែតុលានេះ បានឲ្យដឹងថា «រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ឈប់រាល់ការធ្វើចរាចរណ៍ រថយន្តដឹកនាំទំនិញប្រភេទធន់ធ្ងន់ ប្រភេទបែនដឹកដី ថ្ម ខ្សាច់ ឆ្លងកាត់ផ្លូវ ស្ពាន ថ្នល់ ជុំវិញបរិវេនសាលាខេត្តកំពង់ស្ពឺ ដោយមិនអនុញ្ញាតឲ្យរថយន្តទាំងអស់ខាងលើ ឆ្លងកាត់ត្រង់ចំណុច ២កន្លែង រួមមាន៖ ទី១.ចាប់ពីគល់ស្ពានផ្សារកំពង់ស្ពឺ ឆ្លងកាត់ស្ពានព្រែកត្នោត, ទី២.តាមបណ្ដោយសួនច្បារសាលាខេត្តកំពង់ស្ពឺ ខាងលិច ខាងកើត ខាងត្បូង»។
សេចក្ដីប្រកាសបានបញ្ជាក់ទៀតថា អភិបាលក្រុងច្បារមន ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងធ្វើការហាមឃាត់ និងដាក់ពិន័យលើរថយន្តទាំងឡាយណា ដែលល្មើសនឹងសេចក្ដីប្រកាសនេះ ឲ្យបានតឹងរឹងបំផុត៕