(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនគណៈប្រតិភូជប៉ុនរួមមានលោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា រួមជាមួយ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន(METI) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូនលោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាអំពី «ការបង្កើតកិច្ច​សហការ​សេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយនិរន្តរភាព» ដែលធ្វើឡើងដោយ METI និងគម្រោងសិក្សាស្រាវជ្រាវអំពី «គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា» ដែលសិក្សាដោយ ERIA។

គួរបញ្ជាក់ដែរថា របាយការណ៍ចុងក្រោយនៃការសិក្សាគម្រោងស្រាវជ្រាវរបស់ METI នឹងត្រូវយកទៅបង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ៕