(បន្ទាយមានជ័យ)៖ តូបអាជីវករខ្មែរដែលលក់ដូរនៅក្នុងផ្សារឡុងគឺ ប្រទេសថៃ ជាប់ព្រំប្រទល់ជាមួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៤តូប ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមួយតូបខូចខាតទាំងស្រុង និង៣តូបទៀតខូចខាតមួយចំនួន ដែលគិតជាទឹកប្រាក់អស់ប្រមាណ១០លានបាត ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖១៥នាទី ព្រឹកទៀបភ្លឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមមន្រ្តីនគរបាលបឹងសាគូ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
មន្រ្តីនគរបាលបានបញ្ជាក់ថា «នៅម៉ោង៣៖១៥នាទីព្រឹកទៀបភ្លឺនេះ នាទីយប់មានករណីអគ្គិភ័យឆេះតូបរបស់អាជីវករខ្មែរចំនួន៤តូប នៅចំណុចជួរថៃផានីត ដែលមានលេខតូប k7 k8 k9 និង k10 ម្ចាស់តូបឈ្មោះ កន្ថា និងនីតាចំណែកពីរនាក់ទៀតពុំទាន់បានអត្តសញ្ញាណនៅឡើយទេ»។
មន្រ្តីនគរបាលបានបន្តទៀត ក្រោយកើតហេតុភ្លាមៗ មានការជួយអន្តរាគមន៍ពីក្រុមការងាររថយន្តពន្លត់អគ្គិភ័យ ដែលមានការចូលរួមខាងតម្រួត និងទាហានឈុតខ្មៅ និងស្ថាប័នដែលពាក់ព័ន្ធ ហើយបានរលត់ជាស្ថាពរនៅម៉ោង៣៖៤៥នាទីយប់(ថ្ងៃដដែល) ។ សរុបនៃការ ខូចខាត៤តូប គឺខូចខាតទាំងស្រុង១ តូបឆេះតិចតួចសម្ភារលក់មានភួយ ខោអាវជជុះនិងខោអាវថ្មី សរុបជាប្រាក់អស់ជាង១០លានបាត៕