(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលមានការចូលរួមពីអភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងទាំង៣, អភិបាលក្រុងស្រុកទាំង៩, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីណែនាំ និងពង្រឹងការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានាសំដៅលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ។

លោកអភិបាលខេត្ត បានជំរុញ និងលើទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ។ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឲ្យបានល្អ និងសូមកុំឲ្យមានការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕