(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរទូទាំងខេត្ត សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការផ្ដល់សេវាសាធារណៈ។

ការជំរុញយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី លោក ឌី រ៉ាដូ អភិបាលរងខេត្ត រួមនឹងវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនចូលរួមផង​ដែរ។

កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៣ រួមមាន៖ ១- ផ្សព្វផ្សាយដីកាលេខ ០០១/២៥ ដក.បក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ស្ដីពីការចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត, ទី២- ផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០០៤/២៥ សសរ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ស្ដីពីការបង្កើតក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត និងទី៣- បទបង្ហាញពីខ្លឹមសារឯកសារពាក់ព័ន្ធសម្រាប់សម្របសម្រួលការងាររបស់ក្រុមការងារក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។

លោក លី សំរិទ្ធ បានបន្តថា ការបង្កើតក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីជួបប្រាស្រ័យ សំណេះសំណាល សួរសុខទុក្ខ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៃខេត្តសៀមរាបទាំងមូល។ លោកបន្តថា ការបង្កើតក្រុមការងារនេះដែរ ក៏ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈ ព្រមទាំងដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋ។

លោកក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវប្រកាន់ភ្ជាប់ពីតួនាទី ភារកិច្ចរបស់ខ្លួន សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ព្រមទាំងត្រូវឈរលើស្មារតីអព្យាក្រិត មិនលំអៀង មិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ដោយឈរលើភាពយុត្តិធម៌ គោរពឱ្យបាននូវក្រមសីលធម៌សមាជិកក្រុមប្រឹក្សារាជធានីខេត្ត ដែលបញ្ញត្តិដោយសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត។

លោក លី សំរិទ្ធ បញ្ជាក់ថា ក្នុងនោះបើមានការណែនាំពីប្រធានក្រុមប្រឹក្សាឱ្យចុះទៅមូលដ្ឋានណាមួយដោយមានការចាំបាច់ ក្រុមការងារពាក់ព័ន្ធត្រូវចុះទៅកាន់មូលដ្ឋាននោះ ដើម្បីបំពេញភារកិច្ចស្នូលរបស់ខ្លួន ព្រោះការងារចុះមូលដ្ឋាននេះ ប្រជាពលរដ្ឋជាកម្មវត្ថុចម្បងនៃការចុះមូលដ្ឋានរបស់ក្រុមការងារ ដោយមានសមាសភាពពាក់ព័ន្ធក្នុងមូលដ្ឋានចូលរួមផងដែរ។

លោក ឌី រ៉ាដូ បានលើកឡើងថា តាមរយៈនៃការបង្កើតក្រុមការងារនេះ នឹងធ្វើឱ្យការងារដោះស្រាយក្ដីកង្វល់ និងសំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែលឿន និងមានប្រសិទ្ធភាព ហើយក៏ជាការបង្កើននូវភាពជិតស្និតរវាងអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ជាមួយនេះដែរ លោកក៏សូមឱ្យអាជ្ញាធរទូទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងលើការអនុវត្តការងាររដ្ឋបាលនៅក្នុងមូលដ្ឋានខ្លួន ដោយផ្តោតសំខាន់លើការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងតម្លាភាព៕