(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ នឹងរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងគោលបំណង (១) លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជាការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្ដល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន, (២) ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល តំណាងអង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន (៣) លើកស្ទួយតម្លៃនៃសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថានដែលព្រៃកោងកាងមិនត្រឹមតែជាធនធានធម្មជាតិដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិផងដែរ និង(៤) ផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេស ព្រៃកោងកាងក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព។

សកម្មភាពសំខាន់ៗនៅក្នុងពិធី «បុណ្យកោងកាងសន្តិភាព» រួមមាន ការដាំដើមកោងកាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស អ្នកចូលរួម និងប្រជាពលរដ្ឋ ក្នុងការដាំកូនកោងកាង នៅតំបន់ព្រៃកោងកាងដែលបានកំណត់ការជិះទូកកម្សាន្ត និងទស្សនាព្រៃកោងកាង និងការហែលទឹកលេងកម្សាន្ត។
ពិធី «បុណ្យកោងកាងសន្តិភាព» ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការថែរក្សាព្រៃកោងកាង និងបរិស្ថាននៅកម្ពុជា។

ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ សូមអំពាវនាវដល់សាធារណជនទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យដ៏មានអត្ថន័យនេះ ទៅតាមកាលបរិច្ឆេទ និងទីកន្លែង ដូចបានជូនដំណឹងខាងលើ ដើម្បីរួមគ្នាថែរក្សាព្រៃកោងកាង និងសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយ៕