(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង នៅថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦ នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម រាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅទីប្រជុំជនស្រុកស្វាយលើ និងនៅតាមផ្ទះ ស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀម រាប នៅចំងាយប្រមាណ 70គ.ម ពីទីរួមខេត្តសៀមរាប។

បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួន រួមមាន អំបិល ស្ពៃជ្រក់ សណ្តែកបណ្តុះ ប្រហុក សាច់ក្រក និងផ្លែឈើ រួចមក
ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ។

ដោយអំបិលមានវត្តមានអុីយ៉ូតត្រឹមត្រូវ ហើយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid ,Sodium Hydrosulfite, Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅទីប្រជុំជនផ្សារ និងនៅតាមផ្ទះមួយចំនួនស្ថិតនៅខាងក្រៅ នៃផ្សារស្វាយលើ ស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើ រួចមកលទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិេច្ឆទ ប្រើប្រាស់ហើយត្រូវបានសាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន៖ ទឹកក្រូចដបជ័រហួសកាលកំណត់ប្រើប្រាស់ចំនួនជាង១០០ដប ក្រៅពីនោះមានមីកញ្ចប់ កាហ្វេកញ្ចប់ ទឹកដោះគោខាប់ និងស្ករគ្រាប់មួយចំនួនទៀត។

ទន្ទឹមនឹងប្រតិបត្តិការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនោះ ក្រុមការងារនៅបានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ជូនដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់អំពីរបៀបនែការជ្រើសរើសផលិតផលមានគុណភាព និងផលប៉ះពាល់ចំពោះការបរិភោគអាហារខូចគុណភាព។ ព្រមទាំងព្យាយាមពន្យល់ណែនាំ និងអប់រំឲ្យបណ្តាអាជីវករ អ្នកលក់ដូរចំណីអាហារនិងភេសជ្ជៈទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពអតិថិជនរបស់ខ្លួន។

ក្រុមការងារក៏បានសូមឲ្យមានការយោគយល់ពីបង ប្អូនអាជីវករ អ្នកលក់ដូរផងដែរ គឺ ការដកហូតបានទំនិញខូចគុណភាពពីអ្នកលក់ វាមិនមែនជាគោលដៅរបស់កាំកុងត្រូលនោះទេ តែអ្វីដែលជាជោគជ័យរបស់កាំកុងត្រូល គឺនៅតាមបណ្តាទីផ្សារនានា មិនមានការដាក់តាំងលក់ទំនិញខូចគុណភាព ឬទំនិញហួសកាលបរិច្ឆេតប្រើប្រាស់៕