(បន្ទាយមានជ័យ)៖ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសាលប្រជុំផ្ការំដួល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការភាពជាដៃគូ លើការអភិវឌ្ឍលើវិស័យសុខាភិបាល រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ។
ពិធីនេះដោយមានការចូលរួម លោក ហ៉ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឆាវ៉ា ណេត ឃីមប្រាសឺត អភិបាលរងខេត្តស្រះកែវ លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធមន្ត្រីសុខាភិបាល ថៃ និង ខ្មែរ ជាច្រើននាក់ទៀត។
លោក ហ៉ឹល រ៉ាយ៉ា បានថ្លែងថា ពាក់ព័ន្ធសំខាន់ៗក្នុងកិច្ចប្រជុំមាន ៣ចំណុចសំខាន់៖
*ទី១៖ ប្រព័ន្ធតាមដាននិងត្រួតពិនិត្យជំងឺឆ្លងតាមព្រំដែន
*ទី២៖ ការអភិវឌ្ឍបុគ្គលិកសុខាភិបាល
*ទី៣៖ ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងដែនពីប្រទេសខែ្មរទៅប្រទេសថៃ។
ក្នុងឱកាសនោះលោក ហ៉ឹលរ៉ាយ៉ា តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការប្តេជ្ញា ពង្រឹងទំនាក់ទំនងឲ្យបានជិតស្និទ្ធលើគ្រប់វិស័យ ពិសេសសុខាភិបាល រវាងខេត្តទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង២ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ឲ្យកាន់តែល្អ ប្រសើរ និងអភិវឌ្ឍ ប្រកបដោយចីរភាព។
លោក ឆាវ៉ា ណេត ឃីមប្រាសឺត បានថ្លែងថា ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បានទទួលស្គាល់អំពីសមិទ្ធផលរវាងកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះរួមមាន៖
*ការពង្រឹងសមត្ថភាព ការចែករំលែកព័ត៌មាន ចំណេះដឹងបទពិសោធន៍ ការអនុវត្តល្អៗ និងមេរៀនដែលជាបទពិសោធន៍ទាក់ទងទៅនឹងជំងឺឆ្លង ជំងឺដែលបានលេចឡើងថ្មី និងលេចឡើងវិញ រវាងខេត្តដែលនៅជាប់ព្រំដែន ដើម្បីធ្វើការឆ្លើយតបបន្ទាន់ផ្នែកសុខភាពសាធារណៈតាមបណ្តាច្រកព្រំដែន និងការលើកកម្ពស់យុទ្ធសាស្ត្រសុខាភិបាលតែមួយ ការពង្រឹងសមត្ថភាពបុគ្គលិកវេជ្ជសាស្រ្ត និងសុខភាពសាធារណៈ ជាដើម។
លោក ឆាវ៉ា ណេត ឃីមប្រាសឺត បានបន្តទៀតថា ការពង្រឹងធនធានមនុស្សវិស័យសុខាភិបាលនេះវាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់សេវា ការថែទាំ និងការគ្រប់គ្រងជំងឺឆ្លង ព្រមទាំងការបណ្ដុះបណ្ដាលគ្រូបង្គោល ធ្វើឲ្យប្រសើរឡើងតាមប្រព័ន្ធបញ្ជូនជំងឺពី ខ្មែរ ទៅថៃ ជាសម្ព័ន្ធមេត្រីភាព បង្កើតមន្ទីរពេទ្យ ភាគីទាំងពីរ បានព្រមព្រៀងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដោយពន្លឿនការអនុវត្តសកម្មភាពនានាដូចជា យុទ្ធសាស្ត្រសុខាភិបាលតែមួយ យន្តការសហប្រតិបត្តិការ ក្នុងការពង្រឹងសមត្ថភាពនៅតាមបណ្តាច្រកព្រំដែន កិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព និងយន្តការនៃការឆ្លើយតបគ្រោះអាសន្ន រួមទាំងនិយ័តកម្មសុខភាព ពង្រឹងសមត្ថភាពលើការ ត្រួតពិនិត្យជំងឺឆ្លងតាមរយៈការចែករំលែកព័ត៌មានដោយប្រើបច្ចេកវិទ្យាថ្មីសមរម្យ។
កិច្ចប្រជុំនោះ ភាគីទាំងពីរ បានព្រមព្រៀងបន្តពិភាក្សា លើកិច្ចសហប្រតិបត្តិការផ្នែកផ្សេងៗទៀត និងពង្រីកវិសាលភាពខេត្តគោលដៅផងដែរ៕