(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ដែលបញ្ចប់ការសិក្សា និងទទួល​សញ្ញា​បត្រចំនួន ២,៥៥១នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មាននិស្សិត​អាហា​រូប​ករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ៦៩នាក់ផងដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីផ្តល់ឱកាសជូននិស្សិតក្រីក្របានទទួលការសិក្សានៅថ្នាក់ឧត្តមសិក្សា។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអាហារូបករណ៍ និងសមាគមសិស្ស-និសិ្សត​អាហារូប​ករណ៍ អ.ម.ត បានជូនពរនិស្សិតជ័យលាភីទាំង ៦៩រូប ទទួលបានជោគជ័យគ្រប់​ភារកិច្ច​ទាំងអាជីពការងារ និងការសិក្សាបន្តទៀត៕