Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសេនាតេជោសន្តិភាព អញ្ជើញសួរសុខទុក្ខ និងគាំទ្រយុវជន ណន សុខហេង ក្រោយទទួលបានថវិកាពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបើកហាងនំបុ័ងនៅស្រុកកំណើត

19-02-2025 15:30

(ក្រចេះ)៖ នៅក្នុងឱកាសចុះទៅទស្សនកិច្ចនៅតាមខ្សែក្រវាត់ព្រំដែន ក្រុមសេនាតេជោសន្តិភាព បានឆ្លៀតចុះទៅគាំទ្រស្នាដៃធ្វើនំបុ័ងរបស់យុវជន ណន សុខហេង ដែលទទួលបានការឧបត្ថម្ភថវិកាពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្ទាប់ពីបានដោះស្រាយរឿងបញ្ចប់វិវាទជាមួយថៅកែស្រីករណីសត្វឆ្កែ។

គេចាំបានថា យុវជន ណន សុខហេង ត្រូវបានប្រជាពលរដ្ឋស្គាល់នៅតាមបណ្តាញសង្គម បន្ទាប់ពីយុវជនរូបនេះមានជម្លោះជាមួយម្ចាស់ឆ្កែរហូតត្រូវបានចាប់ដាក់ពន្ធនាគារ និងឈានទៅដល់មានជួយអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំទើបយុវជន ណន សុខហេង ត្រូវបានដោះលែងវិញ។

ក្រោយទទួលបានកិច្ចអន្តរាគមន៍, សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យយុវជន ណន សុខហេង ចូលជួប និងថតរូបអនុស្សាវរីយ៍ ព្រមទាំងសម្តេចបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ និង៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្ម ឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ជូនដល់យុវជន ណន សុខហេង ដើម្បីប្រកបរបរចញ្ចឹមគ្រួសារផងដែរ។

យុវជន ណន សុខហេង បានដាក់ឈ្មោះហាងថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»។ កាលពីពេលកន្លងទៅ ណន សុខហេង ក៏បានថតរូបភាពសមិទ្ធផលដ៏រីករាយរបស់គេ ផ្ញើជូនសម្តេចតេជោ ព្រមទាំងបានអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។

ជាមួយនឹងការចែកចាយរូបភាព ក៏ដូចជាដំណឹងនៃផ្លែផ្ការបស់ ណន សុខហេង, សម្តេចតេជោ ក៏បានកោតសរសើររូបគេ ដែលបានខិតខំ​យក​ចិត្ត​ទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង សម្រាប់​ប្រកបរបរចិញ្ចឹមគ្រួសារ​ទៅថ្ងៃមុខ។

ក្នុងសំណេរនេះ សម្តេចតេជោ ក៏បានផ្តល់ដំបូន្មាន និងផ្តាំផ្ញើថា «តាសូមផ្តាំផ្ញើដល់ចៅ គឺត្រូវផលិតឱ្យមានគុណភាព មានអនាម័យ ឆ្ងាញ់ និងតម្លៃសមរម្យ។ ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀត​ដូចជា​នំ​បុណ្យខួបកំណើតជាដើម ដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំ​ទី​ផ្សារមានការប្រកួតប្រជែងទាំងគុណភាព ទាំងរសជាតិ និងតម្លៃ។ ចៅត្រូវ​យកលុយបង្កើតលុយ»៕