(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីគោលបំណងអំពីកិច្ចប្រជុំនាពេលនេះ ដើម្បីធ្វើបច្ចុប្បន្នភាព ការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិក គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង នៅកម្ពុជា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដូចជា ការប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវវ័យ និងជំងឺមហារីក ព្រមទាំងបណ្តាលឱ្យអ្នកប្រើប្រាស់ ងាយញៀនដោយសារធាតុញៀន ក៏អាចជាការបើកផ្លូវឱ្យយុវជនទៅប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀនផ្សេងទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដោយ៖

១៖ រាជធានី ខេត្ត ជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ បង្កើតទីក្រុង ស្រុក ឃុំ គ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ ដោយបិទស្លាកហាមជក់បារីនៅតាមទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ និងអប់រំណែនាំអ្នកប្រើប្រាស់ បង្កើតជាបរិបទសង្គម ដែលគ្មានផ្សែងផលិតផលថ្នាំជក់។

២៖ ជំរុញការទប់ស្កាត់ និងហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់គ្រប់ប្រភេទ

៣៖ តាមដានការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាព ដំណើរការរបស់មន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ជាពិសេសក្នុងរាជធានីខេត្ត និងអប់រំអ្នកលក់ដូរចែកចាយ និងអនុវត្តវិធានការច្បាប់។

៤៖ តាមដាន ទប់ស្កាត់ការលក់ ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមទីតាំងផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ។

៥៖ សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័ន្ធពាក់ព័ន្ធត្រូវគោរពតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយមិនទទួលការឧបត្ថម្ភពីឧស្សាហកម្មថ្នាំជក់។

៦៖ រាជធានី ខេត្ត ត្រូវជំរុញការបង្កើតអនុគណៈកម្មាធិការត្រួតពិនិត្យផលិតថ្នាំជក់ថ្នាក់រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តច្បាប់ និងការអប់រំ កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

៧៖ ជំរុញការប្រឹក្សាលះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាព ដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរ ដែនដី ដើម្បីគាំទ្រអ្នកប្រើប្រាស់ផលិតផលថ្នាំ ជក់លះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លង៕