(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងពង្រីកផ្លូវថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ប្រវែង១,៥០០ម៉ែត្រ ព្រមទាំងការស្ថាបនាប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិ។

ពិធីនេះ មានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរង និងមន្ត្រីរាជការស្រុកថ្មគោល លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យជ្រៃ ស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ ពិធីបើកការដ្ឋានជួសជុលកំណាត់តួថ្នល់ចាស់ទទឹង១០ម៉ែត្រ និងពង្រីកតួផ្លូវទទឹង៣,៥ម៉ែត្រសងខាង ក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១.៥០០ម៉ែត្រ ចាប់ពី គ.ម ២៩៨+៤៥០ដល់គ.ម២៩៩+៩៥០ និងការងារស្ថាបនាប្រព័ន្ធលូ តាមបណ្តោយផ្លូវជាតិលេខ៥ ដោយដាក់ លូមូលបេតុងសរសៃដែក មុខកាត់១ម៉ែត្រ ១ជួរ និងអណ្តូងលូ (រីហ្គា) បេតុងសរសៃដែក ទំហំ១.៦ម៉ែត្រ x១.៦ម៉ែត្រ ចំនួន៤៨កន្លែង ប្រវែងសរុប ១,២០០ម៉ែត្រ ចាប់ពីគ.ម២៩៧+៥០០ ដល់គ.ម២៩៨+៧០០ (ខាងស្តាំ) ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ឆ្លៀតឱកាសនេះ លោក សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

លោកអភិបាលខេត្ត បានជួយផ្សព្វផ្សាយច្បាប់ចរាចរជើងគោក និងស្នើឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ខណៈរាជរដ្ឋាភិបាល បានខិតខំខ្លាំងណាស់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសផ្លូវថ្នល់ សាលារៀន សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈសំដៅបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានបន្តណែនាំដល់សិស្សានុសិស្សឲ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន, គ្រឿងស្រវឹង, បារីអេឡិចត្រូនិក ត្រូវចេះរក្សាអនាម័យបរិស្ថាន យកចិត្តទុកដាក់ថែរក្សាសុខភាព និងចៀសឆ្ងាយអំពើអបាយមុខផ្សេងៗទៀតផងដែរ។

លោក សុខ លូ ក៏បានថ្លែងការកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានស្ថាបនា និងពង្រីកផ្លូវតាមផែនការ និងតម្រូវការប្រជាពលរដ្ឋ ព្រមទាំងបានណែនាំដល់មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍជនបទ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ត្រូវបន្តយកចិត្តទុកដាក់ជួយក្នុងការសម្រួលធ្វើផ្លូវនានាក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលបានល្អប្រសើរជាងមុន៕