(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ បានថ្លែងណែនាំ និងជំរុញដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធិភាពខ្ពស់។

ការថ្លែងរបស់លោក អ៊ុំ ម៉ារ៉ា ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំនេ ក៏មានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អជ្ញាធរមូលដ្ឋានក្រុង ស្រុក ទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានថ្លែងលើកឡើងនូវរបាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលសម្រេចបាននៅក្នងឆ្នាំ២០២៤នេះ។ បន្ថែមពីនេះលោកក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ ធ្នាប់សាធារណៈ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្ត សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។

ក្នុងនាមលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក អ៊ុំ ម៉ារ៉ា បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ក៏ដូចជាអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលកន្លងមកបានរួមសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ និងប្រជាពលរដ្ឋយើង។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋានទូទាំងខេត្តព្រះវិហារសូមបន្តចូលរួមអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចជាព្រៃឈើ ធនធានធម្មជាតិ មច្ឆាជាតិ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន និងបទល្មើសនានាជាច្រើនទៀត ដោយអនុវត្តតាមវិធានការច្បាប់ និងលិខិតបទដ្ឋានជាធរមាន ឱ្យបានតឹងរឹង៕