(សៀមរាប)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញបិទវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភសម្រាប់អនាគត នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប។

វេទិកានេះ សហរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ស្ថានទូតអាល្លឺម៉ង់នៅទីក្រុងភ្នំពេញ និងសហភាពអឺរ៉ុប (EU) វេទិកាអនាគត បានប្រមូលផ្តុំមេដឹកនាំរដ្ឋាភិបាល, ភាគីពាក់ព័ន្ធអន្តរជាតិ, សង្គមស៊ីវិល និងវិស័យឯកជនមកពីបណ្តាប្រទេសអាស៊ី និងអាហ្វ្រិក ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាក់ទង នឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានលើកឡើងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ វេទិកានេះប្រព្រឹត្តទៅបានល្អ ដូចការគ្រោងទុក ហើយលោក លោកស្រីដែលបានចូលរួមបានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពីទូទាំងទ្វីបលើប្រធានបទកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងមានភាពធន់ និងសកម្មភាពអាកាសធាតុសម្រាប់ការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងរបបអាហារសុខភាពសម្រាប់ទាំងអស់គ្នា។

ទេសរដ្ឋមន្ត្រី បន្តថា ការពិភាក្សាដែលបានធ្វើឡើងនៅទីនេះ នឹងមិនត្រឹមតែអាចយកទៅដាក់បញ្ជូលក្នុងគោលនយោបាយនានាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចមានផលជះយូរអង្វែងនៅកម្រិតពិភពលោក កម្រិតតំបន់ និងថ្នាក់ជាតិផងដែរ។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ជឿថា លទ្ធផលនៃវេទិកាអនាគតនេះ នឹងផ្តល់នូវធាតុចូលសម្រាប់លោក លោកស្រី និងអ្នកចូលរួម ដើម្បីដាក់ចូលក្នុងរបៀបវារៈសកលឆ្នាំ ២០២៥ ជាពិសេសគណៈប្រតិភូកម្ពុជា ដែលលោកនឹងដឹកនាំទៅចូលរួមកិច្ចប្រជុំកំពូល N4G ក្នុងខែមីនានេះ នៅទីក្រុងប៉ារីស និងកិច្ចប្រជុំផ្សេងៗទៀតដូចជា៖ UNFSS+4, SUN Movement, COP 30 ជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកដ៏មានតម្លៃជួយការពារជីវិតរាប់លាននាក់ នៅទូទាំងពិភពលោក និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញបរិវត្តកម្មប្រព័ន្ធស្បៀង។ នៅពេលមើលទៅខាងមុខ ត្រូវពន្លឿនដំណោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឲ្យប្រសើរឡើង។

វេទិកានេះ បានបង្ហាញពីទំនួលខុសត្រូវរួមរបស់យើងក្នុងការភ្ជាប់ប្រព័ន្ធស្បៀង បរិវត្តកម្មអាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ ក្នុងពេលជាមួយគ្នានេះ និងជំរុញនវានុវត្ត កែទម្រង់គោលនយោបាយ និងការតស៊ូមតិ និងការចូលរួមពីវិស័យឯកជន និងលើកកម្ពស់ភាពជាដៃគូរវាងឯកជន និងសាធារណៈ។

ក្នុងពេលដែលយើងកំពុងឈានទៅមុខ សូមយើងទាំងអស់គ្នាយកចំណេះដឹងទាំងនេះប្រែក្លាយទៅទៅជាសកម្មភាព កិច្ចសហការ និងការសម្របសម្រួលនៅទូទាំងវិស័យ និងអ្នកពាក់ព័ន្ធ ការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាព និងធានាឱ្យមានសុខភាពកាន់តែរឹងមាំនាពេលអនាគតសម្រាប់ទាំងអស់គ្នា។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន សង្ឃឹមថា អ្វីៗដំណើរការល្អសម្រាប់លោក លោកស្រី និងក្រុមការងារ ព្រមទាំងសូមស្វាគមន៍មកកាន់ ខេត្តសៀមរាប នឹងរីករាយក្នុងការស្នាក់នៅក្នុងខេត្តនេះ ព្រមទាំងរីករាយជាមួយនឹងម្ហូបខ្មែរ និងទស្សនាប្រាសាទអង្គរផង​ដែរ៕