Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងបាវិត រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលាកសាង ក្លោងទ្វារវត្តពោធិរង្សីដែលចំណាយការសាងសង់អស់ជិត ៣ម៉ឺនដុល្លារ

19-02-2025 15:00

(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តពោធិ៍រង្សី (ហៅវត្តតានយ) ដែលមានកម្ពស់ ១៥.៣០ម៉ែត្រ ទទឹង ១១.៨០ម៉ែត្រ ចំណាយថវិកាអស់២៨,៥០០ដុល្លារ ស្ថិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត។

ពិធីនេះមានការនិមន្តចូលរួម និងចូលរួមពីព្រះចៅអធិការវត្តពោធិ៍រង្សី អភិបាលរងក្រុង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ សុខ សុភា នាយករដ្ឋបាលស្ដីទី លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ ចំណុះក្រុង លោកចៅសង្កាត់ប្រាសាទ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិទាំងពីរភូមិ លោកគ្រូអាចារ្យ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍រង្សី។

ក្នុងឱកាសនោះលោក លឹម សៀងហេង បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជូនដល់លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមផងដែរ។

លោក លឹម សៀងហេង បានថ្លែងថា សមិទ្ធផលខ្លោងទ្វារវត្តពោធិ៍រង្សី (ហៅវត្តតានយ) នៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានក្រុងពាលីសាងសង់នាពេលនេះ បានបង្ហាញឱ្យឃើញពីការគិតគូររបស់ព្រះចៅអធិការវត្ត គណៈកម្មការ និងពុទ្ធបរិស័ទ ដែលបានរួមសាមគ្គីគ្នាក្នុងការជួយជ្រោមជ្រែង លើកកម្ពស់ព្រះពុទ្ធសាសនាឱ្យកាន់តែមានការរីកចម្រើនឡើង។

អភិបាលក្រុងបាវិត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើន លូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។

លោកបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ត្រូវអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ចៀសឆ្ងាយពីក្មេងទំនើង ជាពិសេសសូមឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានរហ័សធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរ កាន់តែមានភាពកក់ក្តៅ៕