(កោះកុង)៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តកោះកុង បញ្ជូនខ្លួនទៅតុលាខេត្ត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
ការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវសមត្ថកិច្ចធ្វើការស៊ើបសង្កេតយ៉ាងយកចិត្តទុកដាក់ ហើយធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយធ្វើការរឹបអូសវត្ថុតាង មានថ្នាំយ៉ាម៉ាចំនួន ២០០គ្រាប់។
លោកវរសេនីយ៍ត្រី ណាក់ នី អធិការងស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផាវ ភឿក អាយុ២៤ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបរកម្មករសំណង់។
វរៈសេនីយ៍ត្រី ណាក់ នី បានបន្តថា ចំពោះជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួន និងវត្ថុតាង ទៅកាន់ស្នងការនគរបានខេត្តហើយ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕