(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ឆ្នាំសិក្សា ២០២៤ ជូនដល់និស្សិតជំនាន់ទី ២ របស់វិទ្យាស្ថានសាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីតំណាងដៃគូពីស្ថាប័នសាធារណៈ និងឯកជន ក៏ដូចជាតំណាងសាកលវិទ្យាល័យ និងសិស្សនិស្សិត ប្រមាណ ២០០នាក់។
វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ១០ខែ ក្រោមការឧបត្ថម្ភគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ.) រៀបចំឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍមូលធនមនុស្សឌីជីថល ក្នុងវិស័យបច្ចេកវិទ្យាឌីជីល តាមរយៈការបង្ហាត់បង្រៀនជំនាញសំខាន់ៗដូចជា៖
១. កម្រិតជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា ដែលនឹងសិក្សាទៅលើជំនាញធំៗដូចជា៖ Data Analytics, Blockchain, DevOps, Cybersecurity, Spring Microservices និង Flutter Mobile Development។
២. កម្រិតមូលដ្ឋានគ្រឹះ (Web Development Fundamental) ដែលនឹងសិក្សាទៅលើមុខវិជ្ជាដូចជា៖ Java Programming, Web Design, UX and UI Design, React.js, Version Control System, Basic Database, Project Capstone។
៣. កម្រិតបឋម សម្រាប់ប្អូនៗ ដែលស្រលាញ់និង ចង់ចាប់ផ្តើមអាជីពបច្ចេកវិទ្យាឌីជីថល (អាយធី) ដែលបណ្ដុះបណ្ដាលដល់និស្សិតដែលចង់ពង្រឹងមូលដ្ឋានគ្រឹះ បច្ចេកវិទ្យាឌីជីថល (អាយធី) កម្រិតនេះនឹងសិក្សាទៅលើមុខវិជ្ជាដូចជា៖ Web Design Junior ឬ C++ Programming។
ក្នុងទិសដៅធានាបាននូវការបណ្តុះបណ្តាល ប្រកបដោយគុណភាពខ្ពស់ និងមានប្រសិទ្ធភាព ហើយនិស្សិតនឹងទទួលបានឱកាសការងារ និងការបន្ដការសិក្សានៅប្រទេសផងដែរ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅបរិវត្តកម្មឌីជីល និងពលរដ្ឋឌីជីថល៕