(ភ្នំពេញ)៖ មន្ទីរពេទ្យកេតុមាលា ឬហៅកាត់ថា មន្ទីរពេទ្យទាហាន បានបំពាក់ឧបករណ៍កាន់តែទំនើបបន្ថែមទៀត ដែលសុទ្ធតែយកមកពីប្រទេសជប៉ុន ចិន អាល្លឺម៉ង និងប្រទេសមួយចំនួនទៀត ដើម្បីបម្រើសេវាព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ខណៈឧបករណ៍ទាំងនោះអាចធ្វើការវះកាត់បេះដូង ឆ្អឹងខ្នង សរសៃឈាម តម្រង់នោម ខួរក្បាល វះកាត់ក្រលៀន និងជំងឺជាច្រើនទៀត។
ឧត្តមសេនីយ៍ឯក លី សុវណ្ណ ប្រធានមន្ទីរពេទ្យកេតុមាលា បានឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា សព្វថ្ងៃនេះមន្ទីរពេទ្យបានកំពុងបំពាក់ឧបករណ៍ទំនើបៗជាច្រើនទៀតជាបន្តបន្ទាប់ រួមទាំងក្រុមវេជ្ជបណ្ឌិត ដើម្បីបម្រើសេវាព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមន្ទីរពេទ្យទាហាមួយនេះ បានកំពុងធ្វើការសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស.នោះ។
លោកឧត្តមសេនីយ៍ឯក លី សុវណ្ណ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រៅពីបំពាក់នូវឧបករណ៍ទំនើប ៗកាន់តែច្រើនរួមទាំងក្រុមវេជ្ជបណ្ឌិតនោះ មន្ទីរពេទ្យក៏បានពង្រីកនូវអគារស្នាក់នៅ និងព្យាបាលរបស់អ្នកជំងឺកាន់តែច្រើនបន្ថែមទៀតផងដែរ ខណៈសព្វថ្ងៃអ្នកជំងឺមកទទួលសម្រាកព្យាបាលនូវមន្ទីរពេទ្យនេះកាន់តែច្រើនជាងមុន ពោលគឺមួយថ្ងៃរហូតដល់ជាងពីររយនាក់ ដោយកាលពីកន្លងទៅមានត្រឹមតែជាង៣០នាក់ក្នុងមួយថ្ងៃៗនោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យកេតុមាលាទទួលការព្យាបាលជំងឺទូទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយមួយវិញទៀតមន្ទីរពេទ្យ ក៏បានធ្វើការសហការជាមួយបេឡាសន្តិសុខសង្គម(បសស) ផងដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែលម្អរគុណភាពសេវាសុខាភិបាល និងដើម្បី ឆ្លើយតបចំពោះការរំពឹងទុករបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះ។
ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានលើកឡើងទៀត រាជរដ្ឋាភិបាល អាណត្តិទី៧ បានបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពសេវាសុខាភិបាលទាំងអស់តាមមូលដ្ឋាននៅទូទាំងប្រទេស ដោយពង្រឹងការពង្រាយគ្រូពេទ្យបន្ថែមទៀត ហើយផ្ដល់សេវា២៤ម៉ោងលើ២៤ម៉ោង ខណៈការណ៍មន្ទីរពេទ្យកេតុមាលាបានបើកចំហរព្យាបាលជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ និងបង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព នៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ៕