(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា អតីតប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដល់គេហដ្ឋានរបស់លោក។

បន្ទាប់មកនៅព្រឹកដដែលនេះ សម្តេចប្រធានរដ្ឋសភា ក៏បានបន្តដំណើរអញ្ជើញទៅសួរសុខទុក្ខ លោកបណ្ឌិត ញឹម វណ្ណដា តំណាងរាស្ត្រមណ្ឌលព្រៃវែងថែមទៀត។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងលោកបណ្ឌិត ញឹម វណ្ណដា ព្រមទំាងក្រុមគ្រួសារ ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណនិងដឹងគុណជានិច្ចចំពោះគុណូបការៈដ៏ធំធេង របស់លោកទំាងពីរ ដែលបានចូលរួមចំណែកស្តារ កសាងនិងអភិវឌ្ឍមាតុភូមិតំាងពីដើមរហូតមក ជាពិសេសការចូលរួមចំណែកមិនអាចកាត់ថ្លៃបានដល់ស្ថាប័ននីតិប្បញ្ញត្តិ។ សម្តេចបានរំលឹកនូវអនុស្សាវរីយ៍ និងការចងចាំល្អៗ ដែលបានបម្រើការងារជូនប្រទេសជាតិ ជាមួយ ឯកឧត្តមទំាងពីរ ចាប់តំាងពីក្រោយថ្ងៃរំដោះ៧មករាមក នៅលើវិស័យជាច្រើន មានវិស័យសារព័ត៌មាន សង្គមកិច្ច ជាដើម។

ទាំងលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ក៏ដូចជា លោកបណ្ឌិត ញឹម វណ្ណដា និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានឆ្លៀតពេលមមាញឹកអញ្ជើញមកសួរសុខទុក្ខ ឯកឧត្តមនិងក្រុមគ្រួសារ ដល់គេហដ្ឋាន។

លោកទាំងពីរបានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុក្ខដាក់ ដល់ឯកឧត្តមនិងក្រុមគ្រួសារ។

លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងលោកបណ្ឌិត ញឹម វណ្ណដា បានគោរពជូនពរសម្តេចមហារដ្ឋសភាធិបតី សូមសម្រេចបានលទ្ធផលការងារធំៗបន្ថែមទៀត ជូនប្រទេសជាតិ និងប្រជាពលរដ្ឋក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ ប៉ិនប្រសប់និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗបន្តទៀត ក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕