(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា ចំពោះថវិកាដែលប្រើប្រាស់ សម្រាប់ជំរុញការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក មិនមែនជាថវិកាជាតិនោះឡើយ ហើយមិនមែនមានតែសម្តេចទេ ដែលប្រើប្រាស់ Boost ហ្វេសប៊ុក មេដឹកនាំនយោបាយលើពិភពលោក ក៏ប្រើប្រាស់ជំរុញការផ្សព្វផ្សាយតាមហ្វេបុកនេះដែរ។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន២,៥៥១នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំថាមិនចង់និយាយនោះទេ កន្លងមកខ្ញុំបានឲ្យអ្នកនាំពាក្យ បានចេញពន្យល់ម្ដងហើយ ប៉ុន្ដែនៅតែមានការរិះគន់ជេ អំពីរឿងការផ្សព្វផ្សាយលើលើទំព័រហ្វេសប៊ុកនេះ។ ជាក់ស្ដែងល្ងាចមិញនៅតែឃើញមានអ្នកវិភាគសង្គម ចេញមកវិភាគរឿងការផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុករបស់ខ្ញុំ មែនទែនទៅនេះមិនមែនមិនយល់នោះទេ ប៉ុន្ដែធ្វើមិនយល់តែម្ដង»។
សម្ដេចមហាបវរធិបតីបានបន្ដថា «ចំពោះការជំរុញការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នេះជារឿងចាំបាច់ ឬមិនចាំបាច់ មិនមែនជារឿងលោកឯងនោះទេ Facebook គឺជា Facebook ឯកជនរបស់ខ្ញុំ មិនមែនជារបស់រដ្ឋ ដូចទូរទូស្សន៍ជាតិកម្ពុជា (ទទក) នោះទេ ដូច្នេះខ្ញុំមានសិទ្ធិក្នុងការជំរុញការផ្សព្វផ្សាយ ឬសិទ្ធិក្នុងការបង្ហោះផ្សេងៗ [......]»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងនាមជាមេដឹកនាំនយោបាយ ខ្ញុំត្រូវការនិយាយជាមួយ ប្រជាពលរដ្ឋរបស់ខ្ញុំ ហើយប្រជាពលរដ្ឋក៏ចឹងដឹងអំពីខ្ញុំដូចគ្នា ដូច្នេះក្រៅអំពីការនិយាយក្នុងកម្មវិធី ខ្ញុំអាចនិយាយតាមបណ្ដាញសង្គម Facebook របស់ខ្ញុំ ហើយខ្ញុំធ្វើបែបនេះតាំងតែពីខ្ញុំមិនទាន់ឡើងធ្វើ ជានាយករដ្ឋមន្រ្ដីមកម្លេះ»។
សម្ដេចមហាបវរធិបតីបានថ្លែងបន្ថែមថា ចំពោះ Facebook ដើម្បីឲ្យគេឃើញច្រើនទល់តែជំរុញការផ្សព្វផ្សាយ (Boost) ក្នុងនោះមានម្ចាស់អាជីវកម្ម រួមទាំងអ្នកលក់អនឡាញ សុទ្ធសឹងតែប្រើប្រាស់ Facebook Boost ដើម្បីឲ្យអតិថិជនឃើញច្រើន។ និយាយចំពោះអតិថិជន របស់មេដឹកនាំនយោបាយគឺប្រជាពលរដ្ឋ ដើម្បីជាមធ្យោបាយបញ្ជូនព័ត៌មាននានា ដល់ប្រជាពលរដ្ឋបានច្រើន គឺត្រូវការប្រើប្រាស់ Facebook Boost ប៉ុន្ដែបើ Facebook មិនតម្រូវឲ្យមានការផ្សព្វផ្សាយ (Boost) នោះទេយើងក៏មិនត្រូវការការ Boost ដូចគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «មិនមែនមានតែខ្ញុំទេ ដែលប្រើប្រាស់ហ្វេសបុក និងជំរុញការផ្សព្វផ្សាយនេះ (Facebook Boost) មេដឹកនាំនយោបាយលើពិភពលោក ក៏ប្រើប្រាស់ការជំរុញការផ្សព្វផ្សាយតាមហ្វេបុកនេះច្រើនណាស់ ហើយក្នុងមេដឹកនាំផ្សេងៗគេ ជំរុញការផ្សព្វផ្សាយតាម ហ្វេបុកនេះច្រើនជាងខ្ញុំផង [....] ក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តាំងពីឆ្នាំ២០១៨-២០២៤ បានប្រើប្រាស់ថវិកា ជំរុញការផ្សព្វផ្សាយតាមហ្វេបុកនេះចំនួន១៣៤លានដុល្លារ, លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន ក្នុងរយៈពេលបោះឆ្នោតឆ្នាំ២០២០ បានចំណាយថវិការចំនួន២០លានដុល្លារ ដើម្បីការជំរុញការផ្សព្វផ្សាយតាមហ្វេបុក នៅមានមេដឹកនាំផ្សេងៗក្នុងអាស៊ានសុទ្ធសឹងតែប្រើប្រាស់ (Facebook Boost) ឬ TikTok Boost ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ [....]»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ចំពោះការប្រើប្រាស់ការជំរុញការផ្សព្វផ្សាយតាមហ្វេបុក (Facebook Boost) ខ្ញុំមិនបានប្រើប្រាស់ថវិការជាតិសូម្បីតែមួយរៀល នារយៈពេលប៉ុន្មានឆ្នាំមកនេះ [......]។ ក្នុងនោះមានអ្នកខ្លះលើកឡើងថា យកលុយនេះទៅចាយខ្ចះខ្ចាយមិនជួយប្រជាពលរដ្ឋ ខ្ញុំសូមប្រាប់ត្រឡប់ទៅវិញថា សម្រាប់ប្រជាពលរដ្ឋខ្ញុំជួយណាស់»។
សូមជម្រាបថា នាពេលថ្មីៗនេះ មានវិទ្យាបរទេសមួយបានផ្សព្វផ្សាយព័ត៌ចោទប្រកាន់សម្ដេចបវរធិបតី ថា បានប្រើប្រាស់ថវិកាជាតិជាង១លានដុល្លារអាមេរិក ដោយគ្រាន់តែធ្វើការផ្សាយលើទំព័រហ្វេសប៊ុក ឬហៅថា Boost page ដើម្បីទទួលបានអ្នកទស្សនាច្រើនជាងធម្មតា៕