(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឆ្លើយតបចំពោះប្រតិកម្មនានារបស់ប្រជាពលរដ្ឋ ជុំវិញការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែម ថ្នាក់ទី៦ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីផ្ទុះការវែកញែកដោយយល់ច្រឡំថា ការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រនេះ គឺដើម្បីដឹងគុណវៀតណាម។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា សៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមនេះ មិនមែនដើម្បីដឹងគុណប្រទេសវៀតណាមឡើយ គឺដើម្បីឱ្យខ្មែរដឹងពីប្រវត្តិសាស្ត្រ និងកុំឱ្យខ្មែរបែកបាក់ចុះខ្សោយ។

សម្តេចបញ្ជក់ទៀតថា ការប្រតិកម្មរបស់ប្រជាពលរដ្ឋលើសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ដោយសារយល់ច្រឡំថា រូបវិមានឈ្នះ-ឈ្នះ លើគ្របសៀវភៅជាស្តូបមិត្តភាពកម្ពុជា-វៀតណាម ហើយថា ការប្រតិកម្មរបស់ពលរដ្ឋតាមបណ្តាញសង្គមលើសៀវភៅប្រវត្តិវិទ្យានេះ ព្រោះមិនបានអានខ្លឹមសារនៅខាងក្នុង។

សម្តេចបវរធិបតីបញ្ជាក់យ៉ាងច្បាស់ថា សៀវភៅបំពេញបន្ថែមប្រវត្តិសាស្ត្រនេះ មិនមែនជាសៀវភៅជំនួសប្រវត្តិសាស្ត្រចាស់នោះឡើយ គឺគ្រាន់តែជាសៀវភៅបំពេញបន្ថែម មានរូបភាព ដើម្បីឱ្យសិស្សានុសិស្សងាយស្រួលយល់។

ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។

សម្តេចបវរធិបតីបានថ្លែងដូច្នេះថា «បងប្អូនដែលបារម្ភមិនខុសទេ ប៉ុន្តែការបារម្ភភាគច្រើ​ន អ្នកដែលខំមិន (Comments) លើអនឡាញ ភាគច្រើនអត់បានកាន់សៀវភៅនេះ ឬបើកមើលក្នុងសៀវភៅនេះទេ នេះជារឿងទី១ និងរឿងទី២ទៀត ក្របសៀវភៅប្រវត្តិសាស្ត្រនេះ ឱ្យតែមានរូបវិមានឈ្នះឈ្នះ គឺនាំគ្នាគិតថាជាស្តូបវៀតណាម ហេតុនេះហើយបានជាគេរិះគន់ថា យកសៀវភៅនេះ ដើម្បីដឹងគុណវៀតណាម។ រឿននេះជារឿងធ្វើឱ្យប្រជាពលរដ្ឋយើងយល់ច្រឡំ ទីបំផុតខ្មែរនិងខ្មែរឈ្លោះតែគ្នាឯង ខ្សោយខ្លួនឯង»

សម្តេចបានថ្លែងទៀតថា «អ្នកដែលចោទថាយើងសរសេរសៀវភៅនេះ ដើម្បីដឹងគុណវៀតណាម គឺអត់មានទេ ក្នុងសៀវភៅនេះមិនមាននិយាយច្រើនពីវៀតណាម និយាយតែអំពីរណស្សិសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាស្ត្រប៉ុលពត ដែលមានតែ២បន្ទាត់ប៉ុណ្ណោះ ហើយក្រៅពីនេះ និយាយពីខ្មែរទាំងអស់ ស្នាដៃរបស់បុព្វបុរសខ្មែរសម័យសម្តេចតា ក្រោយមកខ្មែររួមគ្នារកសន្តិភាព បូកជាមួយទិដ្ឋភាពមួយចំនួនដែលយើងឆ្លងកាត់ កុំឱ្យឆ្លងកាត់ឡើងវិញ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា យកសៀវភៅប្រវត្តិវិទ្យាធ្វើជាទម្រង់ឌីជីថល ហើយបង្ហោះឱ្យប្រជាពលរដ្ឋបានអានខ្លឹមសារ ដើម្បីឱ្យពួកគាត់យល់ខ្លឹមសារពិត។

ចំពោះក្របសៀវភៅដែលមានស្តូបវិមានឈ្នះឈ្នះវិញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនដូចជាស្តូបរបស់វៀតណាមទេ។ ស្តូបវិមានឈ្នះឈ្នះជារចនាបទខ្មែរ និងជានិមិត្តរូបច្បាស់លាស់៕