(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា សារនិយាយពីផែនការដោះស្រាយបញ្ហាកសិកម្មដែលសរសេរដោយលោក សម រង្ស៊ី ហើយចុះផ្សាយក្នុងកាសែត អនឡាយមួយ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គឺយកពីAI។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា «លោកសមរង្ស៊ី ថ្ងៃមុន ខ្ញុំមិនចង់និយាយទេ តែឥឡូវជ្រុលជានិយាយអារឿងមើលងាយ ពូកែណាស់ ថ្ងៃមុនខ្ញុំនិយាយពីគោលនយោបាយកសិកម្ម​​ដែលយើងនិយាយពីការងារមួយចំនួន ដែលយើងធ្វើស្រាប់ តែគាត់ចេញមកថា ខ្ញុំល្ងង់ណាស់ដែលគាត់ ទៅសរសេរថា នេះជាគោលនយោបាយល្អ គាត់សរសេរមួយអត្ថបទដាក់ក្នុងកាសែតមួយ អនឡាញ ដល់ពេលគេឆែកមើលទៅអត្ថបទដែលគាត់សរសេរហ្នឹងគឺ ៧៩% AI generated AI សរសេរឲ្យ […] ខ្ញុំសុំលោកខ្មាស់ក្មេងៗ ព្រោះអ្នកដែលរកឃើញគឺក្មេងៗ ​IT នៅក្រសួងកសិកម្ម»

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្ននេះមានកម្មវិធីទំនើបជាច្រើនដូចជា AI ChatGPT DeepSeek ជាដើម ដែលគ្រាន់តែវាយជាភាសាអង់គ្លេសបន្ទាប់មក កម្មវិធីនោះនឹងសរសេរចេញជាចម្លើយតាមអ្វីដែលយើងចង់បាន ប៉ុន្តែក៏មានកម្មវិធីដែលក្រុម IT ដាក់ចូល program នោះរួចវានឹងប្រាប់ថា មនុស្សជាអ្នកសរសេរ ឬAIសរសេរឲ្យផងដែរ៕