(ភ្នំពេញ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅអ្នកនយោបាយខ្មែរ និងថៃ កុំលូកលាន់កិច្ចការព្រំដែន សូមទុកលទ្ធភាពឱ្យអ្នកបច្ចេករបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ គឺលើគោលការបច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធឹនងរឿងព្រំដែននេះ។

ការស្នើបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើបន្ទាប់ពីពេលថ្មីៗនេះ មានចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ និងមកដល់ពេលនេះ ប្រាសាទតាមាន់។

ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន២,៥៥១នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកណាក៏ជាតិនិយមដែររដ្ឋាភិបាល មន្រ្ដីកិច្ចការព្រំដែនចចារអត់បាយទឹក ដើម្បីការពារព្រំដែនមួយចំអាមៗ ប៉ុន្តែរឿងព្រំដែន មិនមែនជារឿងសាមញ្ញពេកទេជារឿងស្មុគស្មាញដែលគ្រប់បណ្ដាប្រទេសទាំងអស់លើពិភពលោកជួបប្រទះដូចគ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះបញ្ជូនសារទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ ទាំងថៃ សូមកុំយករឿងនយោបាយមកលូកលាន់ទៅលើកិច្ចការបច្ចេកទេសឱ្យសោះ ព្រោះអ្នកនយោបាយអត់ដឹងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្ត្រនោះទេ ទុកឱ្យអ្នកបច្ចេកទេសគេធ្វើការដោះស្រាយ តាមការងារបច្ចេកទេស រឿងព្រំដែនវាពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេស និងច្បាប់អន្តរជាតិ យើងកុំលោតនាំឱ្យគវៃគ្នា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារផ្តាំផ្ញើទៅអ្នកនយោបាយនៅប្រទេសថៃ សុំកុំជំរុញបញ្ហាព្រំដែនជាមួយកម្ពុជា ដើម្បីកេងចំណេញនយោបាយឱ្យសោះ។ ត្រង់ចំណុចនេះសូមបញ្ជាក់ប្រទេសកម្ពុជា គឺផ្នែកលើមូលដ្ឋានក្នុងការថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានខិតខំរកវិធីដោះស្រាយបញ្ហាដែលបានបន្សល់ពីមុនតាមរយៈយន្តការដែលរាជរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាជាផ្លូវការ ដែលមានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងថៃ ដោយរួមគ្នាធ្វើការផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ផ្អែកលើផែនទីដែលតម្កល់ទុកដោយប្រទេសបារាំង និងលិខិតគតិយុត្តផ្សេងៗជាដើម។

ចំពោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាង, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ៗថា កម្ពុជា ចង់ដោះស្រាយដោយសន្តិវិធី ក៏ប៉ុន្តែ កម្ពុជា ក៏រក្សាសិទ្ធិ នៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកថា នៅឆ្នាំ២០០៨ និងឆ្នាំ២០១១ បានយកបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋក្នុងន័យរុញច្រានឱ្យមានភាពចលាចចំពោះបញ្ហាព្រំដែន។ ខណៈនៅឆ្នាំ២០០៨ ជាបទពិសោធន៍មួយ គឺគ្រប់គ្រាន់ហើយ កុំយករឿងនយោបាយបង្កើតជាបញ្ហារវាងប្រទេស និងប្រទេស។

«ខ្ញុំសូមឱ្យចាំប្រវត្តិសាស្ត្រថ្មីនេះ បើមិនចាំប្រវត្តិសាស្ត្រចាស់ ២០០៨ ទើបតែ១០ឆ្នាំជាង ដោយសារតែយកនយោបាយមកលូកលាន់ហ្នឹងហើយបានយើងវៃគ្នាប្រាវនោះ អីឡូវនេះ សូមកុំឱ្យអ្នកជាតិនិយមមួយចំនួនយកនយោបាយមកដឹកមុខ ដើម្បីឱ្យមានបញ្ហាកើតឡើងទៀត ហើយថាស្នេហាជាតិ នាំឱ្យទាហានវៃគ្នា នាំឱ្យមានមនុស្សស្លាប់ នាំឱ្យប្រទេស និងប្រទេសមើលមុខគ្នាមិនចំ ហៅថាស្នេហាជាតិនោះទេ»។ នេះជាការសង្កត់ធ្ងន់បន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ពេលមានបញ្ហាទឹកដី ជាក់ស្តែងពេលមានជម្លោះជាមួយប្រទេសថៃ មិនឃើញមុខអ្នកនយោបាយអួតស្នេហាជាតិនៅក្រៅប្រទេសនោះទេ គឺមានតែមុខត្រកូល «ហ៊ុន» ហ្នឹងឯង។ មិនស្នេហាជាតិតែក្រុមអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេសនោះទេ សម្តេចតេជោ, សម្តេច និងត្រកូល «ហ៊ុន» ក៏ស្នេហាជាតិដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ប្រាប់ឱ្យកងទ័ពកម្ពុជា និងថៃ បន្តឈរជើងនៅតាមទីតាំងរៀងៗខ្លួន ព្រោះកងទ័ពមិនទាន់ដល់ភារកិច្ចដោះស្រាយបញ្ហាព្រំដែននោះទេ ពោលគឺទុកឱ្យគណៈកម្មការជំនាញព្រំដែនប្រទេសទាំងពីរ បន្តដោះស្រាយលើកិច្ចការនេះដោយសន្តិវិធី ឈរលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

បន្ថែមពីនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី ក៏បង្ហាញការសោកស្ដាយ និងហួសចិត្ត ចំពោះក្រុមជ្រុល និយមមួយក្ដាប់តូច ដែលបន្តអួតខ្លួនឯងថាជាអ្នកស្នេហាជាតិរឿងទឹកដី ព្រំដែនកម្ពុជា ប៉ុន្ដែកន្លងទៅនៅពេលដែលប្រទេសជាតិមានបញ្ហាព្រំដែន គឺមិនដែលឃើញមុខក្រុម ពួកគេចូលរួមជួយ ឬធ្វើសកម្មភាពណាមួយដើម្បីជួយរឿងព្រំដែននេះទេ៕