(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់កងទ័ព កម្ពុជា-ថៃ រក្សាស្ថានភាពដើម ធ្លាប់ឈរជើងនៅកន្លែងណា ល្បាតនៅកន្លែងណា គឺនៅបន្តឈរជើង និងល្បាតនៅ​កន្លែងនោះដដែល កុំមានការប្រែប្រួល ខណៈដែលបញ្ហាព្រំដែន គឺទុកភារកិច្ចឱ្យគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរជាអ្នកដោះស្រាយ នឹងមិនមែនជាភារកិច្ចរបស់កងទ័ពនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដូចនេះនៅព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមឱ្យកងទ័ពភាគីទាំងសងខាង (កម្ពុជា-ថៃ) នៅក្នុងដំណាក់កាលដែលព្រំដែនមិនទាន់ដោះស្រាយដោយគណៈកម្មាធិការព្រំដែន កងទ័ពគ្មាន​ភារកិច្ច​ដោះស្រាយបញ្ហាព្រំដែននោះទេ កងទ័ពគាំទ្រទៅដល់រដ្ឋាភិបាលក្នុងការដោះស្រាយព្រំដែន តាមយន្តការបច្ចេកទេសរបស់រដ្ឋាភិបាលប្រទេសទាំង២ មិនមែនប្រើប្រាស់កងទ័ព​ និងប្រើកម្លាំង​ដើម្បីដោះស្រាយ​នោះទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដូចនេះហើយស្ថានភាពកងទ័ពភាគីទាំងសងខាងធ្លាប់ឈរជើងនៅកន្លែងណា ឈរជើងនៅកន្លែងនឹងសិនទៅ ធ្លាប់ល្បាតកន្លែងណា នៅបន្តល្បាតកន្លែង​នឹងសិនទៅ កុំមានការប្រែប្រួលទុកឱ្យគណៈកម្មាធិការព្រំដែនធ្វើការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ក៏បានស្នើសូមឱ្យកងទ័ពភាគីថៃ និងកងទ័ពខ្មែរ បន្តទំនាក់ទំនងល្អប្រចាំថ្ងៃ មានបញ្ហាអ្វីដោះស្រាយជាមួយគ្នា និងបន្តស្ថានភាពដែលមានពីមុនមកកុំឱ្យមានបញ្ហា ព្រោះបញ្ហាព្រំដែន មិនមែនជាតួនាទីរបស់កងទ័ព ឫអ្នកនយោបាយជាអ្នកដោះស្រាយរឿងបច្ចេកទេសព្រំដែននោះទេ ដែលបញ្ហានេះគឺជាកាតព្វកិច្ចរបស់យន្តការថ្នាក់ជាតិនៃប្រទេសទាំង២ កម្ពុជា-ថៃ តាមជំនាញព្រំដែន និងយន្តការច្បាប់ដែលមាន ដើម្បីធ្វើការដោះស្រាយតាមវិធីច្បាប់។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីនេះ នៅតំបន់ប្រាសាទតាមាន់ នៅខេត្តឧត្តរមានជ័យ ដែលជាតំបន់មិនទាន់មានការឯកភាពគ្នារឿងព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសថៃនោះ ខាងទាហ៊ានការពារព្រំដែនថៃ បានហាមពលរដ្ឋខ្មែរ​មិនឲ្យច្រៀងចម្រៀងជាតិ។ ទោះយ៉ាងណាមកដល់ពេលនេះ កងទ័ពនៃប្រទេសទាំងពី នៅបន្តឈរជើង នៅក្នុងស្ថានភាពដើម និងមិនទាន់មានសកម្មភាពអ្វីគួរឱ្យគាត់សម្គាល់នោះទេ៕