(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។
ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់បញ្ហាកោះគជ់ និងតំបន់ប្រាសាទតាមាន់ ត្រូវបានអ្នកនយោបាយប្រឆាំង ទាំងថៃ និងកម្ពុជា យកជាប្រធានបទ ដើម្បីកេងចំណេញនយោបាយ។ សម្តេចមហាបវរធិបតី បានលើកឡើងថា ដោយសារតែអ្នកនយោបាយប្រឆាំងលូកដៃរឿងព្រំដែន ដើរតួជាអ្នកចេះដឹងជាអ្នកបច្ចេកទេស ទើបឆ្នាំ២០០៨ បណ្តាលឲ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ រឿងប្រាសាទព្រះវិហារ។
ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងទាំងថៃ កុំយករឿងនយោបាយ ទៅលូកលាន់កិច្ចការបច្ចេកទេសឲ្យសោះ។ ចំពោះព្រំដែន ដែលមិនទាន់ឯកភាពគ្នា គឺអត់យកជាការណ៍ឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះ បញ្ជូនសារទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរទាំងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់កិច្ចការបច្ចេកទេសឲ្យសោះ ព្រោះអ្នកនយោបាយ អត់ដឹងកិច្ចការបច្ចេកទេស ជាងអ្នកភូមិសាស្ត្រទេ ទុកឲ្យអ្នកបច្ចេកទេស គេដោះស្រាយតាមការងារបច្ចេកទេស រឿងព្រំដែន វាពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេស និងច្បាប់អន្តរជាតិ ឲ្យគេប្រើមូលដ្ឋានហ្នឹងដើម្បីដោះស្រាយ យើងកុំទៅលោត នាំឲ្យគេវ៉ៃគ្នា។ ហើយនៅថៃ អ្នកនយោបាយថៃ សុំបញ្ជូនសារទៅ កុំជំរុញរឿងនេះ យកចំណេញនយោបាយ ហើយយកហេតុផលថារបស់អានេះរបស់អានោះ។ មិនទាន់ឯកភាពគ្នា អត់យកជាការណ៍»។
សម្តេចមហាបវរធិបតី បានបន្តថា «កម្ពុជាផ្អែកទៅលើមូលដ្ឋាននៅក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន យើងរកវិធីដោះស្រាយបញ្ហា ដែលបន្សល់ទុកពីមុន តាមរយៈយន្តការ ដែលយើងឯកភាពគ្នាជាផ្លូវការណ៍ ដែលមានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ធ្វើការដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ផ្អែកលើផែនទីដែលតម្កល់ទុកដោយបារាំង ដែលយើងឯកភាពគ្នា ទៅលើលិខិតុបករណ៍ផ្សេងៗ ទៅលើក្រុមបច្ចេកទេស។ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅខ្មែរវិញ អ្នកខ្លះថាត្រូវតែប្តឹង រឿងកោះគជ់ ហើយថា បើសម្តេចមិនប្តឹង គឺក្បត់ជាតិ និងទាល់តែធ្វើតាមគេបានស្នេហាជាតិ។ ជាមួយគ្នានេះ អ្នកនយោបាយប្រឆាំងនៅថៃ ក៏កំពុងជំរុញរដ្ឋាភិបាលគេ ឲ្យប្តឹងដូចគ្នាដែរ។ ប៉ុន្តែ សម្តេចបានលើកឡើងថា កម្ពុជាមានលទ្ធភាពតាមវិធីសាស្ត្រដោះស្រាយច្បាស់លាស់ អត់លេងសើចទេ។
សម្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្វីដែលយើងដោះស្រាយបញ្ហាព្រំដែន ត្រូវផ្អែកលើមូលដ្ឋានបច្ចេកទេស ដែលមានផែនទី មានក្រុមការងារបច្ចេកទេស និងមានលិខិតុបករណ៍ច្បាស់លាស់ មិនមែនយកព្រំដែនតាម Google ទេ។ ចំពោះព្រំដែន ដែលយើងយកជាផ្លូវការ និងជាគោលក្នុងការចរចារ គឺយកតាមព្រំដែនដែលបន្សល់ទុកដោយបារាំង៕