(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថាការប្រើប្រាស់ថវិកាជំរុញការផ្សព្វផ្សាយលើហ្វេសប៊ុក​ គឺដើម្បីពង្រីកព័ត៌មានឱ្យដល់ដៃប្រជាពលរដ្ឋ ហើយថវិកាដែលប្រើប្រាស់សម្រាប់ជំរុញការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក មិនមែនជាថវិកាជាតិនោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេច ធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។

នាពេលថ្មីៗនេះ មានវិទ្យាបរទេសមួយបានផ្សព្វផ្សាយព័ត៌ចោទប្រកាន់សម្ដេចបវរធិបតី ថាបានប្រើប្រាស់ថវិកាជាតិជាង១លានដុល្លារអាមេរិក ដោយគ្រាន់តែធ្វើការផ្សាយលើទំព័រហ្វេសប៊ុក ឬហៅថា Boost page ដើម្បីទទួលបានអ្នកទស្សនាច្រើនជាងធម្មតា។

យ៉ាងណាមិញ ឆ្លៀតនាឱកាសនេះ, សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ការប្រើប្រាស់ថវិកាជំរុញការផ្សព្វផ្សាយលើហ្វេសប៊ុក ដើម្បីពង្រីកព័ត៌មានឱ្យដល់ដៃប្រជាពលរដ្ឋ ហើយសម្តេច បានបង្ហាញទិន្នន័យមេដឹកនាំនៅអាមេរិក និងលើពិភពលោកជាច្រើន សុទ្ធតែបានប្រើប្រាស់ថវិកាជំរុញការផ្សព្វផ្សាយលើហ្វេសប៊ុក ជាពិសេសនៅពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

ការណ៍នេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូ​ច្នេះថា៖ «ការចំណាយទៅលើការផ្សព្វផ្សាយ មិនមែនមួយឆ្នាំអស់១លានកន្លះនឹងទេ ហើយខ្ញុំមិនបានដឹងចំនួនទឹកប្រាក់ទេ ព្រោះក្រុមការងារជាអ្នករៀបចំដែលធ្វើឡើងជាង៤ឆ្នាំមកហើយ ដែលពេលខ្លះចំណាយម្ដង១ពាន់ ម្ដង២ពាន់ ម្ដង៥ពាន់ ...ដូចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ ដល់២០២៤ បានចំណាយជាង១៤៤លានដុល្លារ ដើម្បីផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក...»

បន្ថែមពីនេះ សម្តេចបវរធិបតី បានបង្ហាញពីការហួសចិត្តដែលគេចោទប្រកាន់ថាសម្តេចប្រើប្រាស់ថវិកាជាតិ ដើម្បីផ្សព្វផ្សាយ តែត្រង់ចំណុចសម្តេច បានថ្លែងបញ្ជាក់ថា ការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់សម្តេច គឺមិនបានចំណាយថវិកាជាតិសូម្បីមួយរៀលទេ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការចំណាយនេះ មិនពាក់ព័ន្ធដល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋនោះទេ ដ្បិតរាល់ឆ្នាំការចំណាយទៅលើអាហារូបករណ៍ក្នុងប្រទេសប្រមាណជាង១លានដុល្លារ សម្រាប់អាហារូបករណ៍ក្រៅប្រទេសប្រមាណជាង៦០ម៉ឺនដុល្លារ និងការគាំទ្រដល់ប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលអ្នកទាំងនោះមិនបានលើកឡើង៕