(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួនដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដែលជាអគ្គស្ថាបនិកដ៏ឆ្នើមនៃគោលនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍជាតិ នាពេលបច្ចុប្បន្ននេះ ដែលកំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងឈ្លាសវៃ តាមមាគ៌ាដ៏ត្រឹមត្រូវដោយយុវជនបន្តវេនដ៏ប៉ិនប្រសប់របស់យើង គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកអ្នកឧកញ៉ាក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបានខ្លាំងក្លាជាទីបំផុ តដើម្បីអនាគតភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ ពោលគឺត្រូវធ្វើជាសិស្សល្អ ពលរដ្ឋល្អ យុវជនល្អ និងមានសុខភាពល្អដែលជាធនធានមនុស្សដ៏មានគុណតម្លៃ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ដើម្បីក្លាយជាយុវជនបន្តវេនប្រកបដោយថាមពលក្នុងការចូលរួមថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងការឯកភាពជាតិដែល សម្តេចតេជោ បានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរក និងបន្សល់ទុកឱ្យ និងបន្តគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាអ្នកដឹកនាំបន្តវេនដ៏ឆ្នើម ដើម្បីកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅកាន់គោលដៅ ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួររំលឹកថា ចាប់តាំងពីប្រកាសបង្កើតជាផ្លូវការមក សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា មន្ទីរពេទ្យ វត្តអារាម សារៈមន្ទី និងការឧបត្ថម្ភជាសម្លៀកបំពាក់ សម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគជាដើម។

សម្រាប់កម្មវិធីសប្បុរសធម៌នាដើមឆ្នាំ២០២៥ នៅលើទឹកដីខេត្តកំពង់ធំនេះវិញ សមាគមឧកញ៉ាកម្ពុជា បានកៀរគរនូវធនធានជាថវិកា និងសម្ភារៈនានាតាមរយៈការចូលរួមបរិច្ចាគរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ប្រមាណជា ១១៤រូប ដើម្បីជួយកសាងអគារសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងមធ្យោបាយធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាចំនួន ១០ដែលកំពុងជួបប្រទះកង្វះខាតថ្នាក់រៀន និងមានបញ្ហាប្រឈមផ្នែកជីវភាពដែលមានដូចខាងក្រោមនេះ៖

* វិទ្យាល័យទ្រៀល ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់
* សាលាបឋមសិក្សាកកោះ ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១០បន្ទប់ និងតុ កៅអី កុំព្យូទ័រ ព្រមទាំងសម្ភារៈការិយាល័យផ្សេងទៀត សរុបមានចំនួន ៥,៣៩៥ ដុល្លាអាម៉េរិក
* សាលាបឋមសិក្សាជាន់លែង ភូមិថ្មី ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង មាន ១ជាន់ ស្មើនឹង ៥បន្ទប់ ព្រមទាំងកញ្ចប់ថវិកាចំនួន ១០,៣៥០ ដុល្លារអាម៉េរិកសម្រាប់ជួសជុលអគារផ្សេងទៀត
* សាលាបឋមសិក្សាអូរសំបួរ ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង មាន ១ជាន់ ស្មើនឹង ៥បន្ទប់ និងខ្លោងទ្វារថ្មី១ ក្នុងតម្លៃ ១៤,៥១៩ ដុល្លាអាម៉េរិក
* សាលាបឋមសិក្សាឈូកជីព្រះ ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង មាន ១ជាន់ ស្មើនឹង ៥បន្ទប់
* សាលាបឋមសិក្សាសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ តាំងគោក ទទួលបានក្តារខៀន តុ កៅអី កុំព្យូរទ័រ ម៉ាស៊ីនព្រីនឯកសារ និងម៉ាស៊ីន LCD សរុបជាទឹកប្រាក់ ៦,៦០៥ ដុល្លារអាម៉េរិក
* សាលាបឋមសិក្សាស្វាយកាល់ ទទួលបានឧបករណ៍បំពងសំឡេង និងផ្លូវបេតុងប្រវែង ៨៧ម៉ែត្រ សរុបជាថវិកា ១៤,១៣៣ ដុល្លាអាម៉េរិក
* សាលាបឋមសិក្សាត្រពាំងអារក្ស ទទួលបានកញ្ចប់ថវិកាជួសជុលបន្ទប់រៀនចំនួន ១,៦០០ ដុល្លាអាម៉េរិក
* សម្រាប់លោកគ្រូអ្នកគ្រូចំនួន ១៥នាក់ដែលមានជីវភាពលំបាក និងមានកង្វះខាតមធ្យោបាយធ្វើដំណើរ ព្រមទាំងមានទីលំនៅឆ្ងាយពីសាលារៀនផងនោះ ទទួលបានម៉ូតូម្នាក់ ១គ្រឿង (សរុប ១៥គ្រឿង)
* ចំណែកលោកគ្រូ អ្នកគ្រូ ១៦នាក់ផ្សេងទៀតទទួលបានកង់ម្នាក់ ១គ្រឿង (សរុប ១៦គ្រឿង)
* សិស្សានុសិស្សដែលមានជីវភាពលំបាក និងខ្វះខាតមធ្យោបាយធ្វើដំណើរចំនួន ៧៨៤នាក់ទទួលបានកង់ម្នាក់ ១គ្រឿង (សរុប ៧៨៤គ្រឿង)
* សិស្សានុសិស្សទាំង ១០សាលាដែលមានចំនួនសរុប ៥៦៥០នាក់ ម្នាក់ៗទទួលបាន សម្ភារៈសិក្សា ឯកសណ្ឋានសិស្ស សម្លៀកបំពាក់ និងថវិកាម្នាក់ៗចំនួន ៤ម៉ឺនរៀល។

សូមបញ្ជាក់ថា សប្បុរសជន ១១៤នាក់ បានបរិច្ចាគជាថវិកាសរុបចំនួន ១,០៣០,០០០ ដុល្លារអាម៉េរិក និងសម្ភារៈមួយចំនួនទៀត ដែលគិតជាទឹកប្រាក់សរុបចំនួន ១៤៨,៨៨៨ ដុល្លារអាម៉េរិក ដោយសរុបជាថវិកាមានប្រមាណ ១,១៧៨,៨៨៨ ដុល្លារអាម៉េរិក៕