(ម៉ារ៉ុក)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប្តេជ្ញាចិត្ត ៣ចំណុច នៅចំពោះមុខអង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។
លើកឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា បានបញ្ជាក់ ៣ចំណុច ដូចជា៖
១៖ ត្រឹមឆ្នាំ២០២៧ កម្ពុជាប្តេជ្ញាបង្កើតឱ្យបាននូវតំបន់សុវត្ថិភាព នៅតាមសាលារៀន ដើម្បីការពារកុមារ និង យុវជនពីគ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកតាមគោលការណ៍ណែនាំ ស្តីអំពីតំបន់សុវត្ថិភាពនៅតាមសាលារៀន។
២៖ ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាទទួលយកមកអនុវត្តនូវឧបករណ៍គតិយុត្តស្នូល របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ថែមទៀត។
៣៖ ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយចំនួនអ្នករងរបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ឱ្យបានយ៉ាងហោចណាស់ ៥០%។
សូមជម្រាបថា ការធ្វើការប្តេជ្ញាចិត្តនេះ គឺជារបៀបវារៈថ្មីមួយនៅសម្រាប់សន្និសីទ ដែលរដ្ឋាភិបាលនៃប្រទេសនានា ក៏ដូចជា អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល មូលនិធិ និងក្រុមហ៊ុនឯកជន មានឱកាសធ្វើការប្តេជ្ញាចិត្តជាផ្លូវការ ដើម្បីសម្រេចបាននូវគោលដៅនៃទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន ៥០% នៅឆ្នាំ២០៣០៕