(កំពង់ស្ពឺ)៖ ក្រោមពាក្យស្លោក ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារប៉ា ហ៊ុន ម៉ានី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលជាមួយ វិស័យសុខាភិបាលនៅខេត្តកំពង់ស្ពឺរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ រួមជាមួយលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត និងសហការី បានចុះសួរសុខទុក្ខអ្នកគ្រូពេទ្យ ម៉េង ស៊ីវលួង បម្រើការនៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែលទើបបានសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋានក្នុងក្រុងច្បារមន។
ជាមួយនឹងការនាំនូវបណ្តាំសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ និងក្រុមគ្រួសារ ក្រុមការងារក៏បាននាំយកមកនូវវត្ថុអនុស្សាវរីយ៍ជាឃិតទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកជូនដល់បុត្រារបស់អ្នកគ្រូពេទ្យផងដែរ និងសូមជូនពរឲ្យទារកចម្រើនវ័យដោយមានសុខភាពល្អបរិបូរ និងអនាគតល្អ៕