(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី៧០ឆ្នាំ កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី ស្តីពី «ប្រវត្តិកាកបាទក្រហមកម្ពុជា» ដែលអ្នកចូលរួមប្រកួត គឺរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ជាលទ្ធផល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានស្វែងរកឃើញម្ចាស់ជយលាភីលេខ ១ ដែលបានលើ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលប្រកាសដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ - ១៨ កុម្ភៈ ២០២៥) ទីស្នាក់ការកណ្តាល បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី ស្តីពី «ប្រវត្តិកាកបាទក្រហមកម្ពុជា» ដែលជាការប្រកួតរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ។ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញទាំង២៥ មានគ្រឹះស្ថានឧត្តមសិក្សា
ចំនួន១៧ ដែលបានចូលរួមប្រកួត ហើយផ្ញើវីដេអូមកកាន់ទីស្នាក់ការកណ្តាល។
វីដេអូទាំងនោះត្រូវបានបង្ហោះលើទំព័រហេ្វសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា ដើម្បីបោះឆ្នោតជ្រើសរើសជំហ៊ានទី១ តាមរយៈ ការរាប់សំឡេងគាំទ្រ View ,Like ,Comment និង Share។ អស់រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែកុម្ភៈ វេលាម៉ោង ៣រសៀល ក្រុមការងារបច្ចេកទេស បានជ្រើសរើសវីដេអូដែលទទួលបានការគាំទ្រច្រើនជាងគេចំនួន ១០វីដេអូ ក្នុងនោះ រួមមាន៖ ១) សាកលវិទ្យាល័យកម្ពុជា,២) សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, ៣) សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ៤) ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, ៥) សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, ៦) សាកលវិទ្យាល័យជាតិគ្រប់គ្រង, ៧) វិទ្យាស្ថានខ្មែរជំនាន់ថ្មី, ៨) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ៩) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និង ១០)សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងទៀតថា ការវាយតម្លៃរបស់គណៈកម្មការដាក់ពិន្ទុ គឺផ្អែកលើចំណុចសំខាន់ៗចំនួន៥ ក្នុងនោះគឺ ខ្លឹមសារ, រូបភាព, វីដេអូមានអក្សរ Subtitles ជាភាសាខ្មែរ និងភាសាអង់គ្លេស អមដោយភ្លេង, វីដេអូខ្លី រយៈពេល ៤នាទី-៧នាទី ដែលមានគុណភាពច្បាស់ល្អ, វីដេអូមាន Logo កាកបាទក្រហមកម្ពុជា និង Logo របស់គ្រឹះស្ថានឧត្តមសិក្សា បិទចុងបញ្ចប់នៃវីដេអូ។
សូមគូសរម្លឹកថា សមាគមជាតិ កាកបាទក្រហមកម្ពុជា (កក្រក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលត្រូវបានទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៨ និងទទួលស្គាល់ឡើងវិញដោយព្រះរាជក្រឹត្យ នស/រកត/១១៣/០៥០២ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២។ បន្ទាប់មក កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០។
តាមការបញ្ជាក់របស់លោកស្រី ពុំ ចន្ទីនី គឺរយៈពេល៧០ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា ក៏ធ្លាប់រងគ្រោះរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (មេសា ១៩៧៥ - មករា ១៩៧៩) ត្រូវផ្អាកគ្រប់បែបយ៉ាង ដោយសារសង្គ្រាមស៊ីវិល ហើយត្រូវរៀបចំសមាគមជាតិឡើងវិញ ពីបាតដៃទទេ សូម្បីឋានៈស្របច្បាប់នៅលើឆាកអន្តរជាតិ ក៏ត្រូវបាត់បង់ទាំងស្រុង។ កាកបាទក្រហមកម្ពុជា ត្រូវរៀបចំមូលដ្ឋានច្បាប់គ្រប់បែបយ៉ាងទាំងអស់ ក្នុងនោះ ១០ឆ្នាំដំបូង ក្រោយពីប្រទេសជាតិ ចេញផុតពីរបបខ្មៅងងឹត-ប្រល័យពូជសាសន៍ ក៏មិនបានបង្អែរបង្អង់ហើយទុកការងារណាមួយចោលនោះដែរ កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមធ្វើសកម្មភាពការងារជួយប្រជាជនឱ្យរស់ឡើងវិញ និងរាវរកជួបជុំគ្រួសារដែលបាក់បែកគ្នា ក្នុងរបបចំឡែកគ្មានពីរ នៅលើពិភពលោក។
ទន្ទឹមនឹងការសង្គ្រោះនេះ កាកបាទក្រហមកម្ពុជា ដោយមានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល និងដៃគូអន្តរជាតិ ជាពិសេស គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) និងសហព័ន្ធអន្តរជាតិ (IFRC) រៀបចំ/ព្រាងគ្រប់ឯកសារមូលដ្ឋានច្បាប់ ដែលមានលក្ខន្តិកៈ ដែលពីដំបូងជាលក្ខន្តិកៈដើម្បីបង្រួបបង្រួមកាកបាទក្រហមកម្ពុជា នៅកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌស្នើសុំការទទួលជាសមាជិកភាពទី៨៥ មកវិញ។
ក្នុងរយៈពេល ៧ទស្សវត្សកន្លងមកនេះ កាកបាទក្រហមកម្ពុជា មានព្រះរាជាធិបតីភាព និងព្រះប្រធានកិត្តិយស ៣ព្រះអង្គ និងមានព្រះប្រធាន/ប្រធាន ៦អង្គ/នាក់។ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់
ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ជួយសង្គ្រោះជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រោយ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលត្រូវផ្អាកទាំងស្រុង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់នៃ សម្តេចព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងការយាងមកជាព្រះប្រធានកិត្តិយស សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងគតិបណ្ឌិតដ៏ឧត្តុង្គឧត្តម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ព្រមជាមួយនឹងភាពត្រឹមត្រូវនៃការអនុវត្តលក្ខន្តិកៈ កម្រងច្បាប់ វិធាននៃនីតិក្រម ចាប់ពីថ្នាក់កណ្តាល ដល់សាខា អនុសាខា ក្រុមកាកបាទក្រហមកម្ពុជានៅតាមឃុំ/សង្កាត់ និងអ្នកស្ម័គ្រចិត្តនៅតាមភូមិ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧រៀងមក (ហើយបានជាប់ឆ្នោត
ជាប្រធាន ដោយមហាសន្និបាតអាណត្តិទី២ ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៨) ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ តាមរយៈ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, បាននិងកំពុងអភិវឌ្ឍ ពង្រឹងសមត្ថភាពទាំងនៅថ្នាក់កណ្តាល ថ្នាក់សាខា និងអនុសាខា តាមទស្សនៈវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ នៃយុទ្ធសាស្រ្ត ចំនួន៣ ជាបន្តបន្ទាប់ គឺយុទ្ធសាស្ត្រ២០០៣-២០១០, យុទ្ធសាស្ត្រ ២០១១-២០២០ និងបច្ចុប្បន្ន យុទ្ធសាស្ត្រ ២០២១-២០៣០ តាមទិសស្លោករបស់សហព័ន្ធអន្តរជាតិ “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល” តាមរយៈវិស័យអាទិភាពចំនួន៤ គឺ៖
១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤៖ ការអភិវឌ្ឍស្ថាប័ន៕